ខេត្តព្រះសីហនុ កំពុងរៀបចំពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ៥ថ្ងៃ

ក្រសួងទេសចរណ៍ បើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានតេជោ (ពយតាមូង) ក្រុងព្រះសីហនុ។

តាមដានជាមួយយើង៖ Million Times

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ លើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង៖

១ បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ 

២.ជម្រុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពលទេសចរណ៍

៣.ជម្រុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ

៤.ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។ 

លោកបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មអមដោយការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាពវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលនានាផងដែរ។

ជាមួយគ្នានេះដែរ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បូរបែបធ្វើឱ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព មានស្ថេរភាពនយោបាយពេញលេញមានការអភិវឌ្ឍលើគ្រប់វិស័យ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ គឺជាជន្ទល់សេដ្ឋកិច្ចមួយសំខាន់ ក្នុងនោះបានចូលរួមចំណែកប្រមាណជា ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ 

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជា អាចទទួលភ្ញៀវទេសចរអន្តរជាតិ ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ ៨លាននាក់ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ប្រមាណ ៤លាននាក់៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ