សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា រយៈពេលពីរថ្ងៃ បានវាយតម្លៃចំពោះដំណើរការនៃការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដែលត្រូវបានយកចិត្តទុកដាក់ជំរុញអនុវត្តស្របតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ធ្វើឱ្យមានសន្ទុះរីកចម្រើនថ្មីៗទៀតក្នុងគ្រប់ការដ្ឋាននៃការកែទម្រង់។
អង្គសន្និបាតបានគូសបញ្ជាក់ថា តាមរយៈការអនុវត្តវិធានការគន្លឹះទាំង ៥ បានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកសាងរដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាព និងភាពស្អាតស្អំ, ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា, ការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គម, ការបង្កើតការងារ និងជំរុញផលិតកម្ម ព្រមទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។
ជាមួយគ្នានេះ អង្គសន្និបាតក៏បានរំលេចឲ្យឃើញការប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវបានពង្រឹងជាប្រចាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងទិសដៅកសាងសង្គមប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងភាពថ្លៃថ្នូរ។
សូមជម្រាបថា សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥ របស់គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា បានកតសម្គាល់ប្រកបដោយមោទនភាពចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការស់នៅដ៏សុខសាន្តរបស់ប្រជាជននៅក្រោមម្លប់នៃសន្តិភាព។
ដោយឡែក ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ប្រការទាំងនេះបានបញ្ជាក់អំពីវិសាលភាពដ៏ទូលំទូលាយនៃលំហ ប្រជាធិបតេយ្យនិងភាពចាស់ទុំនយោបាយនៃសង្គមកម្ពុជា៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី