Trump បញ្ជាឱ្យដំឡើងពន្ធលើប្រទេសកូឡុំប៊ី ជុំវិញការបដិសេធជើងហោះហើរយោធាអាមេរិកដឹកជនអន្តោរប្រវេសន៍

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងបញ្ជាឱ្យដំឡើងពន្ធ ការដាក់កម្រិតទិដ្ឋាការ និងវិធានការសងសឹកផ្សេងទៀត ដែលត្រូវចាត់វិធានការប្រឆាំងនឹងរដ្ឋាភិបាលកូឡុំប៊ី បន្ទាប់ពីបានច្រានចោលមិនទទួលជើងហោះហើរយោធាអាមេរិកចំនួនពីរ ដែលដឹកជនអន្តោរប្រវេសន៍។

លោក Trump និយាយកាលពីថ្ងៃអាទិត្យថា វិធានការនេះគឺចាំបាច់ដោយសារតែការសម្រេចចិត្តរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើឱ្យខូចសន្តិសុខជាតិនៅក្នុងសហរដ្ឋអាមេរិក។

តាមដានជាមួយយើង៖ Million Times

លោក Trump បានសរសេរលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “វិធានការទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ” ។ “យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ីរំលោភលើកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនទាក់ទងនឹងការទទួលយក និងការបញ្ជូនមកវិញនូវឧក្រិដ្ឋជនដែលពួកគេបានបង្ខំឱ្យចូលទៅក្នុងសហរដ្ឋអាមេរិកនោះទេ”។

លោក Gustavo Petro បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកជើងហោះហើរដឹកជនអន្តោប្រវេសន៍ដែលនិរទេសចេញពីសហរដ្ឋអាមេរិកទេ រហូតដល់រដ្ឋបាល Trump ចាត់ទុកពួកគេដោយសេចក្តីថ្លៃថ្នូរ។ លោក Petro បានប្រកាសនៅក្នុងបណ្តាញសង្គម X ចំនួនពីរ ដែលមួយក្នុងនោះមានវីដេអូព័ត៌មានអំពីជនអន្តោប្រវេសន៍ដែលត្រូវបានគេរាយការណ៍ថា បាននិរទេសទៅកាន់ប្រទេសប្រេស៊ីលដោយដើរលើផ្លូវដែក។

លោក Petro បាននិយាយសង្កត់ធ្ងន់ថា “ជនអន្តោប្រវេសន៍មិនមែនជាឧក្រិដ្ឋជនទេ ហើយត្រូវតែត្រូវបានប្រព្រឹត្តដោយសេចក្តីថ្លៃថ្នូរដែលមនុស្សសមនឹងទទួលបាន។ នោះហើយជាមូលហេតុដែលខ្ញុំបានបដិសេធយន្តហោះយោធាអាមេរិកដែលដឹកជនអន្តោប្រវេសន៍កូឡុំប៊ីមកវិញ… ក្នុងយន្តហោះស៊ីវិល ដោយមិនត្រូវបានគេចាត់ទុកដូចជាឧក្រិដ្ឋជនទេ យើងនឹងទទួលបានបងប្អូនជនរួមជាតិរបស់យើង”។

លោក Trump នៅក្នុងថ្ងៃដំបូងក្នុងការិយាល័យប្រធាធិបតី បានប្រកាសចាត់ទុកបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ជារឿងអាសន្នសម្រាប់ជាតិ ដោយប្រគល់ភារកិច្ចឱ្យយោធាអាមេរិកចុះជួយការងារសន្តិសុខតាមព្រំដែន ដាក់ចេញនូវបម្រាមទូលំទូលាយលើសិទ្ធិជ្រកកោន និងចាត់វិធានការរឹតបន្តឹងសញ្ជាតិសម្រាប់ក្មេងដែលកើតនៅលើទឹកដីអាមេរិក៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP