រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ.) សម្រេចផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដចំនួន ៥០០គ្រួសារ ក្នុងមួយគ្រួសារ ៣ហិកតា នៅទីតាំងជំហានទី១ ចំណុចអូរសែវ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃឈើដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។ គណៈកម្មាការធិការជាតិ ផ ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដី និងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅតំបន់អូរចំបក់ និងអូរសែវ។
បន្ទាប់ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដីកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោងផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដីកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោងដីសម្បទានសង្គមកិច្ច។
តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយនិងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មាននាយករដ្ឋមន្ត្រី