កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិនបានប្រកាសរកឃើញរ៉ែមាសថ្មីៗចំនួន ៣កន្លែងដែលស្ថិតនៅខេត្ត Gansu តំបន់ស្វយ័ត Inner Mongolia និងខេត្ត Heilongjiang សរុបទំងន់រហូតដល់ ១៦៨តោនឯណោះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានឲ្យដឹងថា នេះគឺជាការប្រកាសលើកទី២ ជុំវិញការជីករកឃើញកំណប់រ៉ែមាសដ៏ច្រើនមហាសាលរបស់ចិន បន្ទាប់ពីរកឃើញរ៉ែមាសធំបំផុតលើលោក ទំងន់ប្រហែល ១០០០តោន នៅក្នុងខេត្ត Hunan សរុបជាសាច់ប្រាក់ ៨៣ពាន់លានដុល្លារ។
ទីតាំងរ៉ែ ៣កន្លែងដែលបានជួយជំរុញទិន្នន័យទុនបម្រុងមាសរបស់ចិននោះ រួមមានតំបន់ជីករ៉ែ Anbalibei ក្នុងខេត្ត Gansu រកឃើញរ៉ែមាសទំងន់ ១០២,៤តោន តំបន់ជីករ៉ែ Hadamengou ក្នុងតំបន់ស្វយ័ត Inner Mongolia រកឃើញមាស ៤១,៣តោន និងនៅតំបន់ជីករ៉ែ Baoxinggou ក្នុងខេត្ត Heilongjiang មានចំនួន ២៤,៣តោន។
សូមជម្រាបដែរថា ជាមួយការរុករកឃើញរ៉ែមាសថ្មីៗទាំងនេះ កាន់តែជួយឲ្យចិនក្ដោបក្ដាប់ចំណែកទីផ្សារពិភពលោក ក្នុងនាមជាអ្នកផលិតមាសច្រើនបំផុត ពោលផលិតកម្មមាសកំពុងចរាចរណ៍លើទីផ្សារអន្តរជាតិទាំងមូល មាន ១០% ជាផលិតផលប្រទេសចិន៕
អត្ថបទ៖ Luffy រូបភាព៖ UNILAD