នាថ្ងៃសុក្រទី២៤ ខែមករា ក្រុមហ៊ុន Rolls-Royce បានទទួលកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេស ពាក់ព័ន្ធនឹងការរចនា និងផ្ដល់សេវាកម្មទ្រទ្រង់ដល់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលផ្តល់ថាមពលសម្រាប់កងនាវាមុជទឹករបស់ខ្លួន។
សារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចព្រមព្រៀងមួយនេះមានតម្លៃ ៩ពាន់លានផោន ឬប្រហែល ១១ពាន់លានដុល្លារអាមេរិក និងមានសុពលភាពរយៈពេល ៨ឆ្នាំ ហើយវានឹងជួយពង្រឹងដល់កម្លាំងកងទ័ពជើងទឹករបស់អង់គ្លេស ដែលចេញល្បាតលើផ្ទៃសមុទ្រគ្រប់ពេលវេលា។
កិច្ចព្រមព្រៀងមួយនេះត្រូវបានគេឲ្យឈ្មោះថា Unity និងអង់គ្លេសរំពឹងថា វាអាចជួយជំរុញកិច្ចព្រមព្រៀងការពារជាតិ AUKUS ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលី ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនថែមទៀត។
តាមរយៈកិច្ចព្រមព្រៀង Unity នេះផងដែរ រដ្ឋាភិបាលអង់គ្លេសដាក់ក្ដីសង្ឃឹមថា វានឹងជួយបង្កើតឱកាសការងារបានរហូតដល់ ១ ០០០កន្លែង រួមទាំងការងារក្នុងវិស័យការពារ រហូតដល់ ៤ ០០០កន្លែងថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Daily Express