កាន់តំណែងបាន ៤ថ្ងៃ Trump ត្រូវបានអគ្គមេធាវីប្ដឹង ជុំវិញការចេញបទបញ្ជាប្រតិបត្តិការមួយ

ទើបអង្គុយកៅអីប្រធានាធិបតីអាមេរិកបានរយៈពេល ៤ថ្ងៃប៉ុណ្ណោះ លោក Donald Trump ត្រូវបានអគ្គមេធាវីបក្សប្រជាធិបតេយ្យមកពី ២២រដ្ឋ និងទីក្រុងចំនួន២ ប្ដឹងរូបលោក ជុំវិញការចេញបទបញ្ជាប្រតិបត្តិការ «លុបចោលសិទ្ធទទួលបានសញ្ជាតិអាមេរិកពីកំណើត»។

តាមដានជាមួយយើង៖ Million Times

ស្ថានីយទូរទស្សន៍អាមេរិក ABC បានរាយការណ៍ថា នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ដំណើរការរឿងក្ដីជុំវិញការប្ដឹងផ្ដល់មួយនេះ នឹងត្រូវលើកមកនិយាយលើកដំបូង ក្នុងសវនាការនៃទីក្រុង Seattle។

ចៅក្រមសហព័ន្ធនឹងស្ដាប់ពីដំណើរដើមទង ដែលត្រូវលើកឡើងដោយអគ្គមេធាវីរដ្ឋប្រជាធិបតេយ្យចំនួន ៤រូប ក្នុងការស្នើឲ្យចេញដីកាហាមឃាត់បណ្ដោះអាសន្ន ប្រឆាំងនឹងបទបញ្ជាប្រតិបត្តិចុះហត្ថលេខាផ្ទាល់ពីលោក Trump ដែលកំណត់ថា ទារកនឹងលែងទទួលបានសញ្ជាតិអាមេរិកពីកំណើត បើសិនជាម្ដាយរបស់ទារកមិនមែនជាជនជាតិអាមេរិក ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍។

ចំណែកឯនៅរដ្ឋ Maryland វិញ ក៏ទទួលបានពាក្យបណ្ដឹងស្រដៀងគ្នា ដោយចៅក្រមសហព័ន្ធទីនោះ ទទួលបានពាក្យបណ្ដឹងពីអង្គការក្រៅរដ្ឋាភិបាលចំនួន២ និងស្ត្រីមានផ្ទៃពោះចំនួន ៥រូបដែលគ្មានឯកសារ ជុំវិញបញ្ហាមួយនេះ។

ពាក្យបណ្តឹងនេះបានអះអាងថា ការអនុវត្តបទបញ្ជាប្រតិបត្តិរបស់លោក Trump នឹងបង្កឱ្យមានគ្រោះថ្នាក់ដែលមិនអាចប៉ះប៉ូវបានចំពោះកុមារ ដែលកើតចេញពីឪពុកម្តាយគ្មានឯកសារ ដោយរារាំងពួកគេមិនឱ្យទទួលបានសិទ្ធិក្នុង «ការចូលរួម និងឱកាសពេញលេញនៅក្នុងសង្គមអាមេរិក»។

បន្ថែមពីនោះ អគ្គមេធាវីមកពីរដ្ឋ Arizona, Oregon, Washington និង Illinois បានសង្កត់ធ្ងន់ទៀតថា គោលនយោបាយរបស់លោក Trump នឹងលុបចោលសិទ្ធទទួលបានសញ្ជាតិអាមេរិកដោយគ្មានទំនួលខុសត្រូវ ចំពោះទារកយ៉ាងហោចណាស់ ១៥០ ០០០នាក់ជារៀងរាល់ឆ្នាំ ខណៈវាក៏ជាទង្វើល្មើសច្បាប់សហព័ន្ធ និងវិសោធនកម្មលើកទី១៤ ថែមទៀត។

ជម្រាបដែរថា បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីរូបនេះ នឹងចាប់មានប្រសិទ្ធភាពពីខែក្រោយទៅ ដោយពួកគេកំពុងស្វែងរកការកែប្រែវិសោធនកម្មលើកទី១៤ ដែលបានកំណត់ពីការផ្ដល់សញ្ជាតិដល់ទារក កើតនៅលើទឹកដីសហរដ្ឋអាមេរិក។ បទបញ្ជាប្រតិបត្តិរបស់លោក Trump កំណត់ថា ទោះបីជាទារកកើតនៅលើទឹកដីអាមេរិកមែន តែបើសិនជាម្ដាយរបស់ពួកគេជាជនអន្តោប្រវេសន៍ នោះទារកនឹងមិនទទួលបានសញ្ជាតិអាមេរិកឡើយ លុះត្រាតែមានឪពុកជាជនជាតិអាមេរិក ឬទទួលបានសិទ្ធស្នាក់នៅអាមេរិកអចិន្ត្រៃយ៍៕

អត្ថបទ៖ Luffy រូបភាព៖ ABC