លើវេទិកាWEF នាយករដ្ឋមន្ត្រីវៀតណាម អំពាវនាវបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមក្នុងអាស៊ាន

កាលពីថ្ងៃទី២២ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ត្រូវបានអញ្ជើញចូលរួមកិច្ចពិភាក្សាមួយ រៀបចំឡើងដោយប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Borge Brende ដែលជាផ្នែកមួយនេះកិច្ចប្រជុំកំពូល WEF លើកទី៥៥ ធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

តាមដានជាមួយយើង៖ Million Times

នៅលើវេទិកា WEF ថ្នាក់ដឹកនាំវៀតណាមបានអំពាវនាវឲ្យសមាជិកអាស៊ានទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឲ្យអាស៊ានអាចចូលរួមអភិវឌ្ឍន៍ប្រទេសរៀងៗខ្លួន នៅក្នុងយុគសម័យឆ្លាតវៃ ដែលផ្ដោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត និងព័ត៌មានឌីជីថល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម VOV។

ដោយផ្តោតលើចក្ខុវិស័យសម្រាប់អនាគតរបស់អាស៊ាន លោក Chinh បានលើកឡើងពីសសរស្តម្ភសំខាន់ៗចំនួនប្រាំមួយ ដើម្បីសម្រេចភាពជោគជ័យរបស់អាស៊ានក្នុងយុគសម័យដ៏ឆ្លាតវៃ រួមមាន ការធានាស្ថិរភាពនយោបាយ និងសន្តិសុខ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកម្ពស់ការរួបរួមវប្បធម៌ក្នុងភាពចម្រុះ ការធានាការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការការពារបរិស្ថាន វឌ្ឍនភាពសង្គម និងសមធម៌ ក៏ដូចជាជំរុញការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន ដោយមិនទុកនរណាម្នាក់ចោល។

នាយករដ្ឋមន្ត្រីវៀតណាមរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា អាស៊ាន​មិន​ត្រឹមតែ​ជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ឈរ​លើ​កម្រិត​នៃ​ការត្រួសត្រាយ​ផ្លូវ​ទៅកាន់​សម័យកាល​ដ៏​ឆ្លាត​វៃ​ផងដែរ​។ ចំណុចពិសេសរបស់អាស៊ាន គឺស្ថិតនៅក្នុងភាពជាសហគ្រិន និងយុវជនប្រកបដោយភាពច្នៃប្រឌិត ដែលជាសូចនាករយ៉ាងសំខាន់ ក្នុងការកំណត់កំណើនសេដ្ឋកិច្ចក្នុងតំបន់ សម្រាប់យុគសម័យឌីជីថល៕

អត្ថបទ៖ Luffy រូបភាព៖ VOV