វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៥ កំពុងដំណើរការយ៉ាងរលូន ដោយចាប់ផ្ដើមពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ក្រោមវត្តមានមេដឹកនាំពិភពលោក និងម្ចាស់សហគ្រាសជាសេដ្ឋីគ្រាក់ៗ ច្រើនជាង ៣ ០០០នាក់ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
យ៉ាងណាគេសង្កេតឃើញថា ក្នុងចំណោមភ្ញៀវចូលរួមវេទិកា WEF ឆ្នាំនេះ បែរជាមិនមានវត្តមានរបស់មហាសេដ្ឋីកំពូលលុយ Elon Musk ខណៈលោកបានបង្ហោះសារលើបណ្ដាញសង្គម X ថា មូលហេតុដែលលោកបដិសេធការអញ្ជើញចូលរួមកិច្ចប្រជុំក្នុងទីក្រុងដាវ៉ូស ព្រោះលោកគិតថា វាគួរឲ្យធុញទ្រាន់ខ្លាំងណាស់។
ប៉ុន្តែផ្ទុយស្រឡះពីការអះអាងរបស់មេធំ Tesla អ្នកនាំពាក្យ WEF លោក Yann Zopf បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា នាយកប្រតិបត្តិ Tesla មិនបានទទួលលិខិតអញ្ជើញពី WEF ក្នុងឆ្នាំនេះ ឬឆ្នាំមុនៗទេ ពោល WEF អញ្ជើញលោក Musk ចុងក្រោយបំផុតគឺតាំងពីឆ្នាំ២០១៥។
អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា WEF ពិតជាធ្លាប់បានផ្ញើលិខិតអញ្ជើញលោក Elon Musk មែន តែវាកើតឡើងតាំងអំឡុងទសវត្សឆ្នាំ២០១០ ហើយចុងក្រោយបំផុតគឺឆ្នាំ២០១៥ ប៉ុន្តែមហាសេដ្ឋីរូបនេះមិនដែលចូលរួមឡើយ ទើបបានជា WEF ឈប់ផ្ញើលិខិតអញ្ជើញរូបលោកទៀត។
ជុំវិញការបកស្រាយពីខាង WEF មហាសេដ្ឋីមានបំផុតលើលោក Elon Musk មិនទាន់ឆ្លើយតបឡើយ តែទីភ្នាក់ងារព័ត៌មាន AP បានអះអាងថា ការបន្លំ ឬផ្សាយព័ត៌មានមិនពិត ទាក់ទងនឹងស្ថាប័ន WEF នឹងបង្កភាពចលាចល ដល់សេដ្ឋកិច្ចពិភពលោក៕
អត្ថបទ៖ Luffy រូបភាព៖ WEF/ AFP