លោក សាយ សំអាល់ ធ្វើឲ្យពលរដ្ឋមានស្នាមញញឹមទទួលយុទ្ធសាស្រ្តដោះស្រាយផលប៉ះពាល់ពីគម្រោងរៀបកែចំឆ្នេរសមុទ្ររាម

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានប្រគល់ផ្ទះល្វែងពាណិជ្ជកម្មចំនួន៤២ល្វែង​ កម្ពស់១ជាន់កន្លះ​ នៅភូមិអុង​ ឃុំរាម​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ ជូនគ្រួសារទ័ពដែលទទួលបានការដោះស្រាយផលប៉ះពាល់ពីការអនុវត្តគម្រោងរៀបកែចំលម្អឆ្នេរសមុទ្ររាម។

ក្រោយទទួលបានលំនៅឋាននៅថ្ងៃនេះ ប្រជាពលរដ្ឋបានសម្តែងនូវក្តីរីករាយខ្លាំងជាមួយនឹងស្នាមញញឹមពិតដែលរាជរដ្ឋាភិបាលផ្តល់ការដោះស្រាយជូនពួកគាត់។ លោក សាយ សំអាល់ បានថ្លែងថា ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ។

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា «ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជាពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលំហែ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ»។

បើតាមលោក សាយ សំអាល់ ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឲ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។

ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ លោកថា យើងបានរៀបចំចេញជាភូមិឋានក្សេមមក្សាន្ត ហើយខ្ញុំបានមកប្រគល់ប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀតកំពុងបម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកលោក សាយ សំអាល់