នៅថ្ងៃដំបូងក្នុងការិយាល័យប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបញ្ជាពិសេសជាច្រើន ដោយមួយក្នុងចំណោមនោះគឺ បញ្ឈប់ការជ្រើសរើសមន្ត្រីសហព័ន្ធថ្មីៗ និងរៀបចំផែនការកាត់បន្ថយបុគ្គលិកតាមការគ្រោងទុក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។


លោក Trump បានថ្លែងក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកថា «ខ្ញុំនឹងលុបចោលសកម្មភាពបទបញ្ជាជិត ៨០ពីរដ្ឋបាលមុន។ ខ្ញុំនឹងចេញបញ្ជាឲ្យផ្អាកការរើសមន្ត្រីសហព័ន្ធថ្មីៗជាបន្ទាន់ និងបញ្ឈប់ការគ្រប់គ្រងពីមន្ត្រីក្នុងរដ្ឋបាលលោក Biden»។
ប្រធានាធិបតីអាមេរិកទើបចូលកាន់តំណែងរូបនេះបញ្ជាក់ទៀតថា ការផ្អាកជ្រើសរើសមន្ត្រីសហព័ន្ធ គឺដើម្បីធានាបានថា មន្ត្រីជំនាន់ក្រោយត្រូវតែជាបុគ្គលស្នេហាជាតិ មានភក្ដីភាពចំពោះប្រជាជនអាមេរិក។
បន្ថែមពីនោះ លោក Trump ក៏បានប្រកាសត្រៀមបង្កើតក្រុមប្រឹក្សាភិបាលថ្មីមួយ ដែលមានគោលដៅអនុវត្តការកាត់បន្ថយមន្ត្រីរដ្ឋាភិបាលអាមេរិក និងទីភ្នាក់ងារមួយចំនួនធំ ដែលរដ្ឋបាលដឹកនាំដោយលោក Trump យល់ឃើញថា គ្មានភាពចាំបាច់ និងខ្ជះខ្ជាយការចំណាយចំពោះទីភ្នាក់ងារទាំងនោះ។
ក្រុមអ្នកជំនាញអះអាងថា ការរឹតបន្តឹងជុំវិញការជ្រើសរើសមន្ត្រីថ្មី ភាពបត់បែនការងារ និងសម្ពាធពីការកាត់បន្ថយថ្លៃចំណាយ ក៏ដូចជាការបណ្ដេញបុគ្គលិកភ្លាមៗបែបនេះ នឹងធ្វើឲ្យមន្ត្រីសហព័ន្ធមួយចំនួន ដាក់ពាក្យលាឈប់ពីការងារដោយខ្លួនឯង៕
អត្ថបទ៖ Luffy រូបភាព៖ AP