Trump ចេញបញ្ជាពន្យារពេលបិទប្រតិបត្តិការ TikTok នៅអាមេរិកបណ្ដោះអាសន្ន

កាលពីថ្ងៃចន្ទ ទី២០ ខែមករា ប្រធានាធិបតីអាមេរិក Donald Trump បានចុះហត្ថលេខាបញ្ជាឲ្យផ្អាកការបិទប្រតិបត្តិការក្រុមហ៊ុន TikTok នៅអាមេរិក រហូតដល់ ៧៥ថ្ងៃបន្ថែមទៀត ទម្រាំស្វែងរកដំណោះស្រាយល្អរៀងៗខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

តាមដានជាមួយយើង៖ Million Times

តាមរយៈលិខិតដែលបានចុះហត្ថលេខាដោយផ្ទាល់ពីលោក Trump បានណែនាំឲ្យក្រសួងយុត្តិធម៌អាមេរិក កុំឲ្យចាត់វិធានការទាំងឡាយ ដែលប្រឆាំងនឹងក្រុមហ៊ុន TikTok ក្នុងរយៈពេល ៧៥ថ្ងៃនោះ បើទោះជាកន្លងមកអតីតប្រធានាធិបតី Joe Biden បានស៊ីញ៉េលើច្បាប់ តម្រូវឲ្យក្រុមហ៊ុនចិននេះលក់អាជីវកម្មរបស់ខ្លួន ឬត្រូវបិទប្រតិបត្តិការនៅអាមេរិកក៏ដោយ។

វិធានការពន្យារពេលនេះ នឹងជួយឲ្យរដ្ឋបាលលោក Trump ស្វែងរកដំណោះស្រាយល្អប្រសើរជាងមុន ដើម្បីផ្ដល់ផលប្រយោជន៍រៀងខ្លួន ពោលអាមេរិកនឹងអាចកំណត់ផ្លូវសមគួរមួយ ដើម្បីការពារសន្តិសុខជាតិ ដោយការជៀសវៀងបិទផ្លេតហ្វមទំនាក់ទំនង ដែលកំពុងប្រើប្រាស់ដោយជនជាតិអាមេរិករាប់រយលាននាក់។

ប្រធានាធិបតីអាមេរិក Donald Trump បានប្រាប់អ្នកយកព័ត៌មានថា លោកបានចុះកិច្ចព្រមព្រៀងជាមួយ TikTok ហើយលោកទទួលបានសិទ្ធក្នុង «ការលក់ ឬបិទវា» ពីក្រុមហ៊ុនមួយនេះ។ ប៉ុន្តែបច្ចុប្បន្ន លោកកំពុងពិចារណាអំពីជម្រើសទាំង ២ខាងលើ។

គួររំលឹកបន្តិចថា លោក Trump ធ្លាប់បង្ហើបថា TikTok គួរតែមានចំណែក ៥០% ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក បើសិនជាពួកគេចង់បន្តឈរជើងនៅទីនេះ។ ចំពោះបញ្ហាមួយនេះ TikTok មិនបានបំភ្លឺឡើយ តែកន្លងមកពួកគេប្រកាន់ជំហរមិនលក់ក្រុមហ៊ុនដាច់ខាត។

ទោះជាយ៉ាងណា អនាគត TikTok នៅអាមេរិកហាក់មិនទាន់មានពន្លឺច្បាស់ឡើយ ដ្បិតបើសិនក្រុមហ៊ុនចិនប្រកាន់ជំហរមិនបែងចែកសិទ្ធកាន់កាប់ក្រុមហ៊ុន ស្របពេលលោក Trump ចង់បានចំណែក ៥០% នោះរជ្ជកាល TikTok នៅអាមេរិកនឹងបញ្ចប់ជាស្ថាពរមិនខាន។ ប៉ុន្តែបើសិនជា TikTok ព្រមដកថយមួយជំហាន ចរចាលក់ភាគហ៊ុនខ្លះ នោះឱកាសបន្តឈរជើងរកស៊ីនៅអាមេរិក ច្បាស់ជាមានភាគរយខ្ពស់មិនខាន៕

អត្ថបទ៖ Luffy រូបភាព៖ Fortune