ចូលកាន់តំណែងភ្លាម លោក Trump ចុះហត្ថលេខាលើកលែងទោសមនុស្ស ១ ៥០០នាក់

បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៧ បានប៉ុន្មានម៉ោង លោក Donald Trump បានចុះហត្ថលេខាលើលិខិតលើកលែងទោស សម្រាប់មនុស្សប្រហែល ១ ៥០០នាក់ ដែលសុទ្ធសឹងជាអ្នកគាំទ្រលោក ជាប់ពាក់ព័ន្ធនឹងការវាយប្រហារវិមាន Capitol កាលពី៤ឆ្នាំមុន។

តាមដានជាមួយយើង៖ Million Times

សេចក្ដីសម្រេចលើកលែងទោសដល់ក្រុមអ្នកគាំទ្រ ដែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើវិមាន Capitol នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ទំនងបង្កការខឹងសម្បារដល់ក្រុមប៉ូលិស សមាជិកសភា និងមនុស្សដទៃទៀត ដែលធ្លាប់ប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងព្រឹត្តិការណ៍មួយនោះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

គួររំលឹកបន្តិចថា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក Trump បានប្រមែប្រមូលគ្នាចេញបាតុកម្មទ្រង់ទ្រាយធំ វាយប្រហារលើវិមាន Captiol បន្ទាប់ពីលោក Joe Biden ឈ្នះការឆ្នោតជាប់ជាប្រធានាធិបតី។ ក្រុមអ្នកគាំទ្រលោក Trump បានចោទថា លទ្ធផលនៃការបោះឆ្នោតនាពេលនោះ គឺត្រូវបានបន្លំ និងទាមទារឲ្យមានការសើរើ ហើយបានបង្កជាអំពើហិង្សា បណ្ដាលឲ្យក្រុមប៉ូលិសប្រហែល ១៤០នាក់រងរបួស និងមានមនុស្ស ៤នាក់បានស្លាប់ក្នុងហេតុការណ៍មួយនោះ៕

អត្ថបទ៖ Luffy រូបភាព៖ CNN