នាថ្ងៃចន្ទ ទី២០ ខែមករា លោក Joe Biden ប្រធានាធិបតីអាមេរិកទី៤៦ បានចុះហត្ថលេខាលើលិខិតលើកលែងទោស សម្រាប់សមាជិកក្រុមគ្រួសាររបស់លោកទាំងអស់ មុនពេលត្រូវផ្ទេរអំណាចជូនលោក Donald Trump។
តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន CNN បានឲ្យដឹងថា បងប្អូនប្រុសស្រីរួមទាំងសមាជិកគ្រួសាររបស់លោក Biden មានឈ្មោះនៅក្នុងលិខិតលើកលែងទោសមួយនោះ។


លោក Biden បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «សមាជិកគ្រួសាររបស់ខ្ញុំ ទទួលបានការគំរាមកំហែងឥតឈប់ឈរ ដោយសារតែខ្ញុំ។ សកម្មភាពទាំងអស់នោះ គឺជាការលាបពណ៌ពីក្រុមមនុស្សអាក្រក់ ហើយខ្ញុំជឿថា បើខ្ញុំសំងំស្ងៀមមិនអើពើ ពួកគេនឹងនៅតែញ៉ាំញីគ្រួសាររបស់ខ្ញុំ»។
គួររំលឹកបន្តិចថា នេះគឺជាការចេញលិខិតលើកលែងទោសលើកទី២ សម្រាប់សមាជិកគ្រួសារលោក Biden ពោលកាលពីខែមុន លោកទើបនឹងចេញលិខិតលើកលែងទោសកូនប្រុស Hunter Biden ដែលរងការចោទប្រកាន់ពីបទកាន់កាប់អាវុធខុសច្បាប់ និងខកខានបង់ពន្ធ៕
អត្ថបទ៖ Luffy រូបភាព៖ RT