តើបុគ្គលណាខ្លះ នឹងចូលរួមពិធីអបអរសាទរលោក Trump ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក?

នៅសល់ពេលតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ លោក Donald Trump នឹងបង្ហាញវត្តមានក្នុងពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកលើកទី៤៧ នៅទីក្រុងវ៉ាស៊ីងតោន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា មន្ត្រីមូលដ្ឋាន និងសហព័ន្ធ រួមទាំងប្រជាជនប្រហែល ២០០ ០០០នាក់ នឹងប្រមូលផ្ដុំគ្នាក្នុងទីក្រុងវ៉ាស៊ីងតោន អបអរសាទរលោក Trump ឡើងកាន់តំណែងជាមេដឹកនាំអាមេរិកអាណត្តិទី២ របស់ខ្លួន។

សមាជិកគ្រួសារលោក Trump និងអនាគតអនុប្រធានាធិបតី James David Vance នឹងបង្ហាញវត្តមានទាំងអស់គ្នា រួមជាមួយអតីតប្រធានាធិបតី និងអនុប្រធានាធិបតី ដែលរស់រានមានជីវិតទាំងអស់ដូចជាលោក Barack Obama, George W Bush និងលោក Joe Biden សុទ្ធតែបង្ហាញខ្លួនក្នុងកម្មវិធីរៀបចំឡើងនៅថ្ងៃទី២០ ខែមករានេះ។

សមាជិកព្រឹទ្ធសភា និងរដ្ឋសភាជាច្រើនរូប រួមជាមួយភ្ញៀវកិត្តិយសពីក្រៅប្រទេសដូចជា អនុប្រធានាធិបតីចិន Han Zheng ក៏បានត្រៀមខ្លួនរួចស្រេច ក្នុងការអបអរសាទរលោក Trump ក្នុងថ្ងៃនេះផងដែរ។

ក្រៅពីអ្នកនយោបាយមានមុខមាត់ ក៏មានក្រុមមនុស្សកំពូលលុយមួយចំនួន ត្រូវបានអញ្ជើញចូលរួមដូចគ្នា រួមមានកំពូលមហាសេដ្ឋី Elon Musk ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos មេធំ Facebook លោក Mark Zuckerberg និង CEO ក្រុមហ៊ុន TikTok លោក Shou Zi Chew ក៏ត្រៀមបង្ហាញវត្តមាននៅជួរ VIP ជាមួយគ្រួសារលោក Trump ដែរ។

ក្នុងចំណោមភ្ញៀវកិត្តិយសកំពូលៗទាំងអស់ មានតែអ្នកស្រី Michelle Obama និងអតីតប្រធានសភា Nancy Pelosi ប៉ុណ្ណោះ ដែលអាក់ខានមិនបានចូលរួម និងមិនបានបញ្ជាក់ប្រាប់ពីមូលហេតុនោះឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ BBC