នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជន ផ្តល់ឥណទានក្នុងអត្រាការប្រាក់សមរម្យ ដល់វិស័យកសិកម្ម ដើម្បីជួយកសិករខ្មែរ។
ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ ២០ ខែមករា ឆ្នាំ ២០២៥ នេះ លោកបានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនទាំងអស់ ផ្ដល់ឥណទានដល់វិស័យកសិកម្មក្នុងអត្រាការប្រាក់សមរម្យ ដើម្បីផ្ដល់លទ្ធភាពដល់រោងម៉ាស៊ីនប្រមូលទិញស្រូវពីកសិករ។
នាយករដ្ឋមន្ត្រីបានបន្តទៀតថា នៅក្នុងដំណាក់កាលនេះលោកបានផ្ដល់យោបល់ជូន អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា ដើម្បីពិភាក្សាជាមួយធនាគារឯកជន ពិនិត្យនៅក្នុងការជួយផ្ដល់ឥណទានទៅដល់វិស័យកសិកម្ម ដើម្បីជួយដល់កសិករខ្មែរ។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ធនាគារឯកជន នឹងចូលរួមជាមួយរដ្ឋ ដើម្បីចូលរួមជួយសម្រាលទាំងអស់គ្នា ក្នុងការជួយដល់កសិករ ក៏ដូចជាជួយដល់សេដ្ឋកិច្ច ក្នុងពេលលំបាក។
ដើម្បីជួយដល់វិស័យស្រូវអង្ករនៅកម្ពុជា និងរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារ រាជរដ្ឋាភិបាល បានសម្រេចទម្លាក់ថវិកា ៣០ លានដុល្លារ ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចាប់ពីខែមករា ដល់ខែមីនា ដើម្បីផ្ដល់ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវ ជួយប្រមូលទិញផលស្រូវពីកសិករ៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia