Trump មានបំណងស្កាត់ជួបមេដឹកនាំកំពូលចិនភ្លាម ពេលឡើងកាន់តំណែងផ្លូវការ

កាលពីថ្ងៃទី១៨ ខែមករា ទីភ្នាក់ងារព័ត៌មាន Wall Street Journal បានចុះផ្សាយថា ប្រធានាធិបតីជាប់ឆ្នោត Donald Trump មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនភ្លាម ដើម្បីជួបជាមួយប្រធានាធិបតីចិន Xi Jinping ជជែកការងារ បន្ទាប់ពីលោកស្បថចូលកាន់តំណែងផ្លូវការរួចរាល់។

តាមដានជាមួយយើង៖ Million Times

អនាគតប្រធានាធិបតីអាមេរិកទី៤៧ រូបនេះ មានបំណងចង់ធ្វើទស្សនកិច្ចទៅមហាអំណាចសេដ្ឋកិច្ចធំបំផុតលើលោកទី២ ក្នុងរយៈពេល ១០០ថ្ងៃដំបូង ដែលលោកក្លាយជាមេដឹកនាំអាមេរិក។

ការលើកឡើងរបស់លោក Trump បានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបញ្ជូនអនុប្រធានាធិបតីចិន Han Zheng ចូលរួមពិធីស្បថចូលកាន់តំណែងរបស់មហាសេដ្ឋីអាមេរិក ជំនួសឲ្យមេដឹកនាំកំពូល Xi Jinping ដែលទទួលបានការអញ្ជើញពីលោក Trump ប៉ុន្តែមានភារកិច្ចមិនអាចចូលរួមដោយផ្ទាល់។

គួររំលឹកបន្តិចថា បើសិនជាដំណើរទស្សនកិច្ចរបស់លោក Donald Trump កើតឡើងដូចការរំពឹងទុក វានឹងក្លាយជាដំណើរទស្សនកិច្ចទៅប្រទេសចិនលើកទី២ របស់គាត់ក្នុងនាមជាប្រធានាធិបតីអាមេរិក ពោលកាលពីឆ្នាំ២០១៧ លោកធ្លាប់បំពេញទស្សនកិច្ចម្ដងនៅទីនោះ អំឡុងពេលលោកបំពេញបេសកកម្មនៅតំបន់អាស៊ី៕

អត្ថបទ៖ Luffy រូបភាព៖ WSJ