សូម្បីនាយករដ្ឋមន្ត្រីថៃ ក៏ប៊ិះចាញ់ល្បិចការឆបោកតាមទូរស័ព្ទដែរ

លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ប៊ិះតែក្លាយជាជនរងគ្រោះក្នុងការឆបោកតាមទូរស័ព្ទ ដោយការប្រើប្រាស់បច្ចេកវិទ្យា AI ទៅហើយកាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារ AFP។

តាមដានជាមួយយើង៖ Million Times

នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយថា កាលពីថ្ងៃទី១៥ ខែមករា លោកស្រីទទួលបានការតេទូរស័ព្ទ និងបានសន្ទនាជាមួយភាគីម្ខាងទៀត ដោយលោកស្រីអះអាងថា មានសម្លេងស្រដៀងជាមួយមេដឹកនាំម្នាក់ តែលោកស្រីមិនបញ្ចេញឈ្មោះ។

កូនស្រីពៅអ្នកនយោបាយជើងចាស់ Thaksin Shinawatra រូបនេះបន្ថែមទៀតថា ពេលសន្ទនាគ្នា ភាគីម្ខាងទៀតបាននិយាយថា ថៃគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន ដែលមិនទាន់បានធ្វើការបរិច្ចាគប្រាក់ ហើយក៏បានផ្ញើលេខកុងធនាគារមួយ ដែលមិនមែនជាធនាគារក្នុងស្រុក។

គ្រាន់តែឃើញសារបែបនោះភ្លាម លោកស្រីនាយករដ្ឋមន្ត្រីក៏ដឹងភ្លាមថា ភាគីដែលបានសន្ទនាគ្នានោះ គឺជាជនឆបោក ហើយលោកស្រីក៏បានបញ្ជាឲ្យក្រុមប៉ូលិសបើកការស៊ើបអង្កេត ចំពោះរឿងនេះផងដែរ។

សូមជម្រាបដែរថា ប្រទេសថៃ តែងតែជួបប្រទះនូវករណីឆបោកតាមទូរស័ព្ទ ខណៈជនឆបោកទាំងនោះបានប្រើប្រាស់ AI ក្លែងបន្លំសម្លេង ធ្វើជាសាច់ញាតិជនរងគ្រោះ ប៉ូលិស ឬបុគ្គលិកធនាគារ ដើម្បីបញ្ចុះបញ្ចូលឲ្យជនរងគ្រោះផ្ញើលុយឲ្យពួកគេ៕

អត្ថបទ៖ Luffy រូបភាព៖ Khaosod