ច្បាស់ការហើយ! អនុប្រធានាធិបតីចិន នឹងចូលរួមសាទរពិធីឡើងកាន់តំណែងលោក Trump

នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ទីភ្នាក់ងារព័ត៌មានរដ្ឋចិន CCTV បានចេញផ្សាយថា អនុប្រធានាធិបតីចិន លោក Han Zheng នឹងចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក របស់លោក Donald Trump ដែលគ្រោងធ្វើឡើងនាថ្ងៃទី២០ ខែមករាខាងមុខ។

តាមដានជាមួយយើង៖ Million Times

លោក Han នឹងធ្វើដំណើរទៅកាន់ទីក្រុង Washington, D.C ក្រោមការអញ្ជើញពីភាគីអាមេរិក ហើយគ្រោងជួបពិភាក្សាជាមួយក្រុមការងារលោក Trump ក្រោយចប់កម្មវិធី។

ភាគីទាំងសងខាងនឹងជជែកគ្នា ពីការគាំទ្រ និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលអាមេរិកថ្មី ស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលធ្លាប់កើតមាន ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងរួមគ្នាលើកកំពស់ទំនាក់ទំនងចិន-អាមេរិក ឲ្យកាន់តែរឹងមាំ និងមាន​ស្ថិរភាព​ជាងមុនថែមទៀត។

គួររំលឹកបន្តិចថា ក្រោយជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ញើលិខិតអញ្ជើញមេដឹកនាំកំពូលច្រើនរូប ចូលរួមពិធីឡើងកាន់តំណែងរបស់ខ្លួន ដោយក្នុងនោះក៏មានឈ្មោះមេដឹកនាំកំពូលចិន Xi Jinping ផងដែរ ក៏ប៉ុន្តែរដ្ឋាភិបាលចិនឆ្លើយតបថា ប្រធានាធិបតីមិនអាចចូលរួមដោយផ្ទាល់ឡើយ និងត្រៀមបញ្ជូនអ្នកតំណាងចូលរួមជំនួសវិញ៕

អត្ថបទ៖ Luffy រូបភាព៖ SCMP