ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ករណីគ្រោះថ្នាក់ចរាចរណ៍អាចបង្ការបាន ប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអំពាវនាវ និងសំណូមពរដល់ក្រុមគ្រួសារនីមួយទាំងអស់ ត្រូវជួយដាស់តឿនសមាជិករបស់ខ្លួនទៅវិញទៅមកឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសមុនធ្វើដំណើរចាកចេញពីលំនៅឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការសំណូមពរបែននេះ ក្រោយពេលលោកសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈថ្មីៗនេះបណ្តាឲ្យមានមនុស្សស្លាប់ជាច្រើននាក់។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមករា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម យល់ឃើញថា ករណីគ្រោះថ្នាក់ចរារណ៍ គឺជាករណីដែលអាចបង្ការបានប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់ ព្រោះនេះមិនមែនជាហេតុការណ៍ប្រធានស័ក្ដិ ឬកម្មពារដែលមិនអាចជៀសមិនផុតនោះឡើយ។

តាមដានជាមួយយើង៖ Million Times

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន មានប្រសាសន៍ថា៖ «មុនចេញពីផ្ទះត្រូវជួយដាស់តឿនគ្នា ប្រយ័ត្នប្រយែងគ្រោះថ្នាក់ចរាចរណ៍ កុំបើកលឿនពេក ពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព។ ខ្ញុំចង់បានមួយម៉ាត់នៅក្នុងគ្រួសារមួយៗ មុនចេញដំណើរទៅណាមកណា។ បើមានការរំលឹកបែបនេះ ខ្ញុំជឿជាក់ថាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ មិនមែនប្រធានស័ក្ដិ ឬកម្មពារជៀសមិនរួចឡើយ»។ ក្នុងន័យនេះ លោកថាត្រូវលើកគោលការណ៍មួយជាក់លាក់ ផែនការសកម្មភាពជាក់ស្ដែងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំនៅតាមសាលារៀន តាមវត្តអារាមជាដើម ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោកក៏បានសម្ដែងនូវការសោកស្ដាយ និងអណោចអធម៌ជាពក់ពេកចំពោះក្រុមគ្រួសារដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់សមាជិកគ្រួសារ ដូច្នេះករណីគ្រោះថ្នាក់ចរាចរណ៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំរួមគ្នាដើម្បីបង្ការ ទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ។ លោកថា «យើងស្រលាញ់ជីវិត ស្រលាញ់ទ្រព្យសម្បត្តិ ស្រលាញ់ធនធាន ត្រូវតែរួមគ្នាការពារ»

ផ្អែកតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ មានចំនួន២,៨៤៤លើក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១,៥០៩នាក់។ ចំនួននេះបានថយចុះ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៤នាក់ក្នុងមួយថ្ងៃ ហើយគ្រោះថ្នាក់ភាគច្រើនដោយសារកត្តាល្បឿន និងការមិនគោរពសិទ្ធិ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CPP News