ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump បានប្រកាសនាថ្ងៃទី១៥ ខែមករាឲ្យដឹងថា លោកមានគម្រោងបង្កើតទីភ្នាក់ងារថ្មីមួយ ដែលមានឈ្មោះថា សេវាកម្មប្រាក់ចំណូលខាងក្រៅ ដើម្បីប្រមែប្រមូលពន្ធ និងប្រាក់ចំណូលបន្ថែមទៀតពីប្រទេសដទៃ។
ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា ដើម្បីអាចបង្កើតស្ថាប័នថ្មីនេះ លោក Trump ត្រូវការការឯកភាព និងសកម្មភាពចូលរួមពីសភា ហើយគណបក្សសាធារណរដ្ឋកាន់កាប់ភាគច្រើននៃសភា និងព្រឹទ្ធសភា។
លោក Trump បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Truth Social របស់លោកថា «ពួកយើងនឹងចាប់ផ្ដើមទារប្រាក់ពីក្រុមប្រទេសដែលរកស៊ីជាមួយយើងកន្លងមក តាមរយៈការធ្វើពាណិជ្ជកម្ម។ វាគួរតែដល់ពេលហើយ ដែលពួកគេត្រូវបង់ថ្លៃសេវាកម្ម»។ លោកបានប្រៀបធៀបពីស្ថាប័ន ដែលគ្រោងបង្កើតនោះ ជាមួយនឹងសេវាកម្មប្រាក់ចំណូលផ្ទៃក្នុង ដែលជាអ្នកប្រមូលពន្ធក្នុងស្រុក។
ការបង្កើតស្ថាប័នថ្មីនេះ គឺស្របតាមផែនការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ដោយវាមានមុខងារដូចទៅនឹងនាយកដ្ឋានចំនួន ២ របស់រដ្ឋាភិបាលគឺ នាយកដ្ឋានពាណិជ្ជកម្ម និងនាយកដ្ឋានគយ និងល្បាតព្រំដែន ដែលមានតួនាទីប្រមូលពន្ធ និងចំណូលពីប្រទេសដទៃទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg