ម្ចាស់ក្រុមហ៊ុន Maritime Group ដែលអាជ្ញាធរចាប់ខ្លួននៅព្រំដែនប្រទេសរុស្សុី ត្រៀមបញ្ជូនមកកម្ពុជា

​អតីត​ឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួននៅព្រំដែនប្រទេសរុស្សុី ត្រៀមបញ្ជូនមក​កម្ពុជា​តាម​ជើង​យន្តហោះ​ដើម្បី​បន្ត​នីតិវិធី។ នេះបើតាមមន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​កម្ពុជា ប្រាប់សារព័ត៌មាន Fresh News។

ការ​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ធ្វើ​ឡើង​នៅ​ក្រោយ​ពេលដែល​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី៨ ខែមករា បាន​ជូន​ដំណឹង​ទៅ​បណ្ដា​តំណាង​ទូត​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពី​ការ​ប្រកាស​មោឃភាព​លិខិត​ឆ្លង​ដែន​របស់​លោក ហេង សិទ្ធី ទៅ​តាម​ការសម្រេច​លុបចោល​លិខិត​ឆ្លងដែន ចេញ​ដោយ​ក្រសួង​មហាផ្ទៃ។ ស្របគ្នា​នោះ​ដែរ សមត្ថកិច្ច​កម្ពុជា​ក៏​អះអាង​ថា បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ Interpol ដើម្បី​តាម​ចាប់​ខ្លួន​លោក ហេង សិទ្ធី ផង​ដែរ។

តាមដានជាមួយយើង៖ Million Times

សមត្ថកិច្ចកម្ពុជាបានឲ្យដឹងថា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ប្រធាន​ក្រុមហ៊ុន Maritime Group បាន​ប្រើ​បណ្ដាញ​សង្គម​របស់ខ្លួនដើម្បីប្រឌិតរឿងវាយប្រហារមកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអ្នកជំនួញមានឥទ្ធិពលម្នាក់នៅកម្ពុជា ដែលក្រសួងមហាផ្ទៃថា ទង្វើរបស់លោក ហេង សិទ្ធី ធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសប្រទេសជាតិ។

លោក ហេង សិទ្ធី ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ បញ្ចប់​គោរមងារ​អ្នក​ឧកញ៉ា កាលពី​ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០២៤ តាម​សំណើ​របស់​​សម្តេច ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី។ ការ​បញ្ចប់​គោរមងារ​អ្នក​ឧកញ៉ា​ពីលោក ហេង សិទ្ធី ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ជនជាតិ​សិង្ហបុរី​ម្នាក់ ឈ្មោះ Phua Gek Seng ​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយ​ចោទ​ប្រកាន់លោក ហេង សិទ្ធី អំពី​បទ​បរិហារកេរ្តិ៍ និង​គំរាម​កំហែង​ទារ​ប្រាក់​ចំនួន ២លាន​ដុល្លារ៕