ចិនពិចារណាលក់ TikTok ឲ្យកំពូលមហាសេដ្ឋី Elon Musk

មន្ត្រីចិនកំពុងពិចារណា និងស្ថិតក្នុងការពិភាក្សាជាមួយមហាសេដ្ឋីមានបំផុតលើលោក Elon Musk ជុំវិញការលក់ប្រតិបត្តិការក្រុមហ៊ុន TikTok ក្នុងសហរដ្ឋអាមេរិក ខណៈផ្លេតហ្វមមួយនេះ កំពុងរងការគំរាមកំហែងបិទអាជីវកម្មពីរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីដើមសប្ដាហ៍។

តាមដានជាមួយយើង៖ Million Times

ប្រតិបត្តិការក្រុមហ៊ុន TikTok នៅអាមេរិក អាចធ្វើការលក់បានតាមរយៈការដេញថ្លៃ ឬតាមការរៀបចំដោយផ្ទាល់ពីរដ្ឋាភិបាល ដ្បិតពួកគេក៏មានភាគហ៊ុនមួយចំនួនក្នុងក្រុមហ៊ុនមេ ByteDance ដែលមានសិទ្ធគ្រប់គ្រង និងមានសិទ្ធសម្រេចក្នុងការលក់ក្រុមហ៊ុនដូចគ្នា។

មហាសេដ្ឋី Elon Musk គឺជាមនុស្សតែម្នាក់គត់ ដែលអាចជួយរក្សាប្រតិបត្តិការរបស់ TikTok នៅអាមេរិកបាន ដ្បិតមហាសេដ្ឋីរូបនេះ គឺជាមនុស្សជំនិតរបស់អនាគតប្រធានាធិបតី Donald Trump ហើយក៏មានទំនាក់ទំនងល្អជាមួយចិនផងដែរ។

គួររំលឹកដែរថា កាលពីសប្ដាហ៍មុន តុលាការកំពូលអាមេរិកបានចេញសេចក្ដីប្រកាសថា ក្រុមហ៊ុន TikTok ត្រូវតែលក់ប្រតិបត្តិការនៅអាមេរិក មុនថ្ងៃទី១៩ ខែមករា បើមិនដូច្នោះពួកគេ នឹងត្រូវបង្ខំឲ្យបិទអាជីវកម្ម ទាំងគ្មានបានលុយមួយកាក់មួយសេន ក្រោមហេតុផលបញ្ហាសន្តិសុខជាតិ ទាក់ទងជាមួយប្រទេសចិន៕

អត្ថបទ៖ Luffy រូបភាព៖ Kaohoon