អតីតសមាជិកសភាវៀតណាម ២រូប ត្រូវកាត់ទោសជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ

នាថ្ងៃអង្គារ ទី១៤ ខែមករា សារព័ត៌មានវៀតណាម VNExpress បានចុះផ្សាយថា អតីតសមាជិកសភាចំនួន ២រូប គឺលោក Luu Binh Nhuong និងលោក Le Thanh Van រួមជាមួយបក្សពួក ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំ។

តាមដានជាមួយយើង៖ Million Times

តុលាការក្រុង Thai Binh បានសម្រេចផ្ដន្ទាទោសលោក Nhuong ឲ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ ដោយក្នុងនោះ ៣ឆ្នាំពីបទរំលោភយកដីធ្លីប្រជាពលរដ្ឋ និង ១០ឆ្នាំទៀត ពីបទប្រើប្រាស់សិទ្ធអំណាច ជំរិតយកផលប្រយោជន៍ផ្ទាល់ខ្លួនពីអ្នកដទៃ ខណៈលោក Van ត្រូវជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ក្រោមការចោទប្រកាន់ដូចគ្នា។

ឯកសារពីតុលាការបានបង្ហាញឲ្យដឹងថា ជនជាប់ចោទទាំងនោះ បានរួមដៃរួមជើងប្រព្រឹត្តអំពើខុសច្បាប់ និងពុករលួយជាច្រើន រួមមានការជំរិតទារប្រាក់ពីក្រុមហ៊ុន Sao Do Group ដែលស្ថិតនៅភាគខាងជើងនៃក្រុង​Thai binh ការជ្រៀតជ្រែកក្នុងដំណើរការកាត់ក្ដីរបស់តុលាការ និងការក្លែងបន្លំគម្រោងវិនិយោគក្នុងខេត្ត Bac Ninh និងខេត្ត Quang Ninh ជាដើម។

តុលាការបានអះអាងថា សកម្មភាពរបស់ជនជាប់ចោទទាំងនេះ បានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍សាធារណៈ ប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងបង្កការខូចខាតដល់បរិយាកាសវិនិយោគក្នុងស្រុក។ ក្រៅពីការផ្ដន្ទាទោសដាក់ពន្ធនាគារ អតីតសមាជិកសភា Luu Binh Nhuong ត្រូវបានតុលាការបញ្ជាឲ្យសងសំណង ៧,១ពាន់លានដុងទៅកាន់រដ្ឋ ស្របពេលលោក Van ត្រូវសង ៦០លានដុង៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress