កសិករនៅតាមបណ្តាខេត្តមួយកំពុងមានការព្រួយបារម្ភបញ្ហាស្រូវធ្លាក់ថ្លៃដែលដាក់សម្ពាធឲ្យរាជរដ្ឋាភិបាលចេញមុខជួយដោញស្រាយ ខណៈមន្រ្តីជំនាញលើកឡើងថា បញ្ហាស្រូវធ្លាក់ថ្លៃនេះគឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាម ហើយណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញ។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈវីដេអូជាសំឡេងបានណែនាំឲ្យកសិករធ្វើការបែងចែកប្រភេទណាជាស្រូវក្រអូប ប្រភេទស្រូវអង្ករ ស ប្រភេទស្រូវ អ៊ីអ៊ា ដែលជាស្រូវស្រាល សម្រាប់ធ្វើលក់។ លោកថា ចំពោះស្រូវដែលធ្វើលក់OM ដោយសារកសិករធ្វើសម្រាប់លក់ទៅកាន់ប្រទេសវៀតណាមច្រើន អញ្ចឹងការលក់ ស្រូវបែបនេះគឺអាស្រ័យទៅលើទីផ្សារប្រទេសវៀតណាម។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន ចំណុចនេះគឺមានមនុស្សតិចតួចទេដែលបានដឹង។
លោកថ្លែងថា ក្រុមមនុស្សមួយចំនួនបានស្រែកថា ស្រូវធ្លាក់ថ្លៃ ដែលធ្វើឱ្យគេគិតថាស្រូវទាំងអស់គឺធ្លាក់ថ្លៃទាំងអស់។ ជាក់ស្តែងកសិករដែលធ្វើស្រូវវស្សាលក់ទៅកាន់ទីផ្សារសម្រាប់រោងម៉ាស៊ីនរបស់យើងពុំមានជួបបញ្ហាទាំងអស់នេះទេ។ សម្រាប់ស្រូវប្រាំងពេលនេះមានបញ្ហាដោយសារយើងសម្រុកធ្វើចង់ចំណេញច្រើន»។
បើតាមស្ថិតិការធ្វើស្រូវប្រាំងនាឆ្នាំនេះ លោក ឌិត ទីណា ថាជាង៧០ម៉ឺនហិកតា ក្នុងទំហំការដាំដុះជាង៧០ម៉ឺនហិកតានេះទម្រាំយើងប្រមូលផលគឺជិត៥លានតោន។ សម្រាប់ជិត៥លានតោននេះសុទ្ធតែជាប្រភេទស្រូវ OM អញ្ចឹងបានជាយើងកំពុងមើល មិនចេះតែអន្តរាគមន៍ ដើម្បីខាតទាំងអស់គ្នានោះទេ ក្នុងករណីនេះបើយើងបង្ខំឱ្យរោងម៉ាស៊ីនទិញ ដូចយើងឃើញស្រាប់ហើយរោងម៉ាស៊ីនពេលនេះសុទ្ធតែអង្ករខ្មែរ និងពួកគាត់បានទិញពេញស្តុកផង។ អង្កររបស់ពួកគាត់តាមរោងម៉ាស៊ីននេះមិនទាន់លក់អស់ទេ ហើយអង្ករទាំងនេះសុទ្ធតែមានតម្លៃខ្ពស់។ អង្ករខ្មែរយើងក្រអូបមានតម្លៃខ្ពស់ និងសម្រាប់អង្ករវៀតណាមOM មួយរយៈពេលនេះធ្លាក់ថ្លៃចុះមែនទែន ហើយឥឡូវនេះយើងកំពុងមើលជាមួយគ្នាថាស្រូវដែលកសិករដាំប្រភេទ OM របស់វៀតណាមនេះយើងអាចធ្វើអ្វីដែលជួយពួកគាត់បាន។
លោករដ្ឋមមន្រ្តីបានបញ្ជាក់ថា សម្រាប់ស្រូវប្រភេទអង្ករខ្មែរយើងអាចជួយបាន គឺមិនពិបាកឡើយ ព្រោះថារោងម៉ាស៊ីនស្រូវក្នុងស្រុករបស់យើងគេត្រូវការស្រូវប្រភេទបែបនេះសម្រាប់តម្រូវតាមទីផ្សារ។ សម្រាប់ប្រភេទស្រូវOMដូចយើងដឹងស្រាប់ហើយគឺកសិករធ្វើសម្រាប់តម្រូវទីផ្សាររបស់វៀតណាម ដែលកាលពីគ្រោះរាំងស្ងួតគឺគេត្រូវការច្រើនមែនទែន ហើយក៏ឱ្យតម្លៃខ្ពស់ កសិករយើងបើទោះបីមន្រ្តីរបស់យើងបានខិតខំណែនាំពិសេសឱ្យងាកមកដាំស្រូវសែនក្រអូបក៏ដោយ តែពួកគាត់ចង់ធ្វើស្រូវOMវិញ។ យើងក៏គោរពតាមកសិករយើងដែរ គាត់ចង់ធ្វើក៏ធ្វើអាស្រ័យតាមពួកគាត់ដោយ ក្នុងនេះបើគាត់ត្រូវការទឹកយើងក៏ជួយដោះស្រាយទឹក ឥឡូវយើងឃើញហើយថាបញ្ហាធ្លាក់ថ្លៃរបស់ស្រូវ OM នេះមិនងាយឡើងវិញទេ រហូតដល់ចង់រដូវកាលប្រមូលផល៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងកសិកម្ម