របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហាញថា មានយានយន្តជាង ៤១ ម៉ឺនគ្រឿង ត្រូវបានចុះបញ្ជី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនាថ្ងៃ ១៤ ខែមករានេះថា រយៈពេល ១២ ខែ កាលពីឆ្នាំ២០២៤ មានយានយន្ត ៤១៣ ០៦៧ គ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនោះម៉ូតូ ៣៥៣ ៦០៣ គ្រឿង, រថយន្តធុនស្រាល ៥៤ ៦៩២ គ្រឿង និងរថយន្តធុនធ្ងន់ ៥ ៨៤១ គ្រឿង។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបន្តថា តាមរបាយការណ៍បូកសរុបបង្ហាញតួលេខនៅអំឡុងខែកញ្ញា មានម៉ូតូ និងរថយន្តធុនស្រាល ចុះបញ្ជីច្រើនជាងគេ ខណៈដែលរថយន្តធុនធ្ងន់ចុះបញ្ជីច្រើនជាងគេនៅអំឡុងខែមករា។ បើប្រៀបធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២៣ ការចុះបញ្ជីម៉ូតូ និងរថយន្តធុនស្រាលមានការកើនឡើង ខណៈដែលតួលេខចុះបញ្ជីរថយន្តធុនធ្ងន់ ធ្លាក់ចុះ ១៤%៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ អ៊ីនធើណិត