បង្កើនប៉ូសិសចរាចរណ៍ត្រួតពិនិត្យការអនុវត្តច្បាប់ និងផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់លើផ្លូវ ៦០ម៉ែត្រ

អាជ្ញាធរសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ។

ការសម្រេចដាក់ចេញការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍នាពេលនេះធ្វើឡើងក្នុងពេលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែមករា បានចុះពិនិត្យ និងសិក្សាពីស្ថានភាពផ្លូវ៦០ម៉ែត្រ ដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឲ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ ក្រោយមហាវិថី ៦០ម៉ែត្រក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីដែលបណ្តាឲ្យមានមនុស្សបាត់បង់ជីវិត។

តាមដានជាមួយយើង៖ Million Times

ក្រោយត្រួតពិនិត្យភ្លាមៗ រដ្ឋមន្រ្តីក្រសួងសាធារណការ និងអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាសម្រេចបង្កើនកម្លាំងនគរបាលចរាចរណ៍ ជាមួយនឹងការរឹតបន្ដឹងការផាកពិន័យ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ថែមពីលើការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យ ចំពោះអ្នកបើកបរលើសល្បឿនកំណត់ដោយភាពទទួលខុសត្រូវ និងតឹងរឹងជាងមុន លោក ប៉េង ពោធិ៍នា និងលោក ឃួង ស្រេង បានឯកភាពឲ្យមានរៀបចំគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី និងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។

លោកបន្តថា ការដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺ ដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ