៩ ខែទៀត ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន

នៅ​សល់ ៩ ខែ​ទៀត ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​ខេត្ត​ក្រចេះ ដែល​រាជរដ្ឋាភិបាល​ខិតខំ​កសាង​ទាំង​យប់​ទាំង​ថ្លៃ អាច​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​បានហើយ។ នេះ​បើ​យោង​តាមការ​ឲ្យដឹង​ពី​ក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

គិត​ត្រឹម​ដើម​ខែ​មករា ឆ្នាំ ២០២៥ នេះ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ​សម្រេច​លទ្ធផល ៧៩.២២%។ ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​មាន​ប្រវែង ១ ៧៦១ ម៉ែត្រ, ផ្លូវ​មេ​ត​ភ្ជាប់​មាន​ប្រវែង​សរុប ១៥ ៤៩០ គ.ម ខណៈ​គម្រោង​ទាំង​មូល​មាន គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ,ស្ពាន​មធ្យម ២ កន្លែង, ស្ពាន​ខ្លី ១ កន្លែង និង​ផ្លូវ​តភ្ជាប់​មាន​ចំណុច​ចាប់ផ្ដើម​ពី​ផ្លូវជាតិ​លេខ​៧ (រង្វង់​មូល​ខ្លា​ស្ទុះ) ទៅ​ផ្លូវជាតិលេខ៦០B សម្រេច​លទ្ធផល ៥៣,១៤%។

បើ​គ្មាន​ការ​ប្រែប្រួល​ទេ ស្ពាន​ឆ្លងកាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ អាច​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បណ្ដោះអាសន្ន នៅ​កំឡុង​ខែ​កញ្ញា ឆ្នាំ ២០២៥ ខាង​មុខនេះ។ គម្រោង​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង និង​ជា​ក្ដី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​រស់នៅ​ត្រើយ​ខាងកើត និង​ប្រជាពលរដ្ឋ​រស់នៅ​ត្រើយ​ខាង​លិច ទាំង​ការ​តភ្ជាប់​តំបន់​ដាច់ស្រយាល​នៅ​ភូមិភាគ​ឦសាន មកកាន់​ទីប្រជុំជន។

គម្រោង​ផ្លូវជាតិ​លេខ ៦០B តភ្ជាប់​ពី​ខេត្ត​ក្រចេះ ទៅ​ខេត្ត​កំពង់ធំ ដែល​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​ផ្លូវ​ជាតិ​សំខាន់​ៗ ដូចជា​ត្រើយ​ខាង​លិច​តភ្ជាប់​ផ្លូវ​ជាតិ​លេខ៦ ត្រង់​ផ្លូវ​បំបែក​កំពង់ថ្ម កំពង់ធំ ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប និង​តភ្ជាប់​តាមរយៈ​ផ្លូវ​ខេត្ត​លេខ ២៧៩ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម ចំណែក​ឯ​ត្រើយ​ខាង​កើត​វិញ​នោះ គឺតភ្ជាប់ផ្លូវជាតិលេខ៧ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ៧៣ ឆ្លងកាត់​ស្រុក​ឆ្លូង ស្រុក​ដំបែ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ រួច​តភ្ជាប់​ទៅ​កាន់​ផ្លូវជាតិ​លេខ​៧ ឆ្ពោះ​ទៅ​កាន់​ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួច​បន្ត​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើក​ការដ្ឋាន​សាងសង់កាលពី​ថ្ងៃទី២ ខែ​មករា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន