មហាវិទ្យាល័យ Sookmyung Women’s University កំពុងបើកការប្រជុំលើការស៊ើបអង្កេត ពីបទចោទប្រកាន់ជំទាវទីមួយកូរ៉េខាងត្បូង Kim Keon Hee ថាបានលួចចម្លងនិក្ខេបបទថ្នាក់អនុបណ្ឌិតរបស់នាង។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Korea Times។
តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយមហាវិទ្យាល័យ Sookmyung Women’s University បានឲ្យដឹងថា លោកស្រី Kim បានប្រគល់និក្ខេបបទរបស់នាង ដើម្បីអាចទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកសិល្បៈ កាលពីឆ្នាំ១៩៩៩។
មហាវិទ្យាល័យបានបង្ហើបថា ជំទាវទីមួយកូរ៉េខាងត្បូងត្រូវបានសង្ស័យពីបទចម្លងនិក្ខេបបទ ហើយគណៈកម្មាធិការមហាវិទ្យាល័យបានជូនដំណឹងនេះទៅកាន់លោកស្រី កាលពីចុងខែធ្នូឆ្នាំមុន និងទុកពេលឲ្យលោកស្រីរហូតដល់ចុងខែនេះ ដើម្បីចេញមុខបកស្រាយ។
នេះមិនមែនជារឿងទីមួយឡើយ ដែលលោកស្រី Kim ត្រូវបានចោទប្រកាន់ពីបទល្មើសនានា ពោលលោកស្រីធ្លាប់បានរងការចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងការបន្លំទិន្នន័យផ្សារហ៊ុន ការជ្រៀតជ្រែងក្នុងការបោះឆ្នោត និងការសង្ស័យលើគុណវុឌ្ឍិសិក្សារបស់នាងជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ BBC