កាលពីថ្ងៃទី០៩ ខែមករា អនាគតប្រធានាធិបតីអាមេរិក Donald Trump បានទម្លាយឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin មានបំណងចង់ជួបជាមួយលោក ខណៈការរៀបចំជំនួបរវាងអ្នកទាំង២ ត្រូវបានកំណត់ទុករួចស្រេចហើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា បើទោះជាលោក Trump អះអាងថា ជំនួបជាមួយលោក Putin ត្រូវបានរៀបចំរួចរាល់ ក៏ប៉ុន្តែគណបក្សសាធារណរដ្ឋបញ្ជាក់ច្បាស់ថា កាលបរិច្ឆេទជាក់លាក់នៃកិច្ចប្រជុំមួយនោះ មិនទាន់សម្រេចជាផ្លូវការបាននៅឡើយ។
លោក Trump បាននិយាយប្រាប់សមាជិកបក្សសាធារណរដ្ឋនៅភូមិគ្រឹះ Mar-a-Lago របស់លោកថា «ប្រធានាធិបតី Putin ចង់មានជំនួបជាមួយខ្ញុំ ហើយពេលនេះពួកយើងកំពុងរៀបចំវា។ ពួកយើងនឹងជជែកគ្នា ពីផែនការបញ្ចប់សង្គ្រាម ដែលកំពុងបង្កើតភាពរញ៉េរញ៉ៃនៅអ៊ុយក្រែន»។
សូមជម្រាបដែរថា កន្លងមកលោក Donald Trump តែងតែអះអាងក្ដែងៗថា លោកមានសមត្ថភាពអាចបញ្ចប់សង្គ្រាម ដែលអូសបន្លាយអស់រយៈពេល ៣៤ខែនៅអ៊ុយក្រែន តាមរយៈការបញ្ចុះបញ្ចូលមេដឹកនាំរុស្ស៊ី។ បច្ចុប្បន្នក្រុមអ្នកសង្កេតស្ថានភាពនយោបាយ កំពុងរង់ចាំអ៊ុតមើលពីវិធានការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន របស់រដ្ឋបាលលោក Trump ខណៈកន្លងមកអាមេរិកបានជួយជំនួយរាប់រយពាន់លានដុល្លារ លើផ្នែកសព្វាវុធទៅកាន់ប្រទេសសម្ព័ន្ធមិត្តមួយនេះ ក្រោមការបញ្ជាពីប្រធានាធិបតី Joe Biden៕
អត្ថបទ៖ Luffy រូបភាព៖ China Daily