សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ពិតជាល្បីល្បាញ ព្រោះមិនថាអ្នកជំនួញឡើយ ដែលបានជាវយកទៅអាន ដើម្បីជាចំណេះ គន្លឹះក្នុងការរកស៊ី និងការប្រកួតប្រជែងក្នុងមុខជំនួញ សូម្បីតែសាស្ត្រាចារ្យក៏ត្រូវការសៀវភៅនោះ ទៅសិក្សាយកបទពិសោធន៍ ដើម្បីបង្រៀនបន្តដល់និស្សិតដែរ។
ជាក់ស្ដែងដូច បណ្ឌិត ភូ សម្បត្តិ ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាដកស្រង់បានចំណុចខ្លឹមៗពីក្នុងសៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ»។
សាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ បញ្ជាក់ថា សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» គឺជាសៀវភៅភាសាខ្មែរទី១ដែលសរសេរពីវិស័យអចលនទ្រព្យ លោកបានអានចប់។ កន្លងមកលោកអានសៀវភៅទាក់ទងវិស័យអចលនទ្រព្យជាភាសាបរទេស។ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវលើវិស័យអចលនទ្រព្យ លោកសាស្ត្រាចារ្យបានអះអាងថា សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» មានចំណុចល្អៗជាច្រើន ដែលអ្នកអាន ហើយនិងអ្នកវិនិយោគលើវិស័យអចលនទ្រព្យអាចយកទៅពិចារណា ឬអនុវត្តន៍បាន។
ប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងពីចំណុចល្អ ២ធំៗ។ ទី១ គុណភាពនៃសៀវភៅជាកន្លែងទាក់ទាញអ្នកអានឲ្យចាប់អារម្មណ៍លើសៀវភៅ គឺមានគម្របក្រាស់ល្អ ហើយសន្លឹកសៀវភៅទៀតសោតរលោងល្អ និងមានពណ៌។ ចំណែកគុណភាពទី២ របស់សៀវភៅ «គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ទាក់ទងនឹងមាតិកា។ ៥ ជំពូកសំខាន់ៗក្នុងសៀវភៅបណ្ឌិត សំ សុខនឿន សុទ្ធសឹងតែមានតម្លៃ ដោយបើកបង្ហាញពីទ្រឹស្ដីមួយចំនួន ព្រមជាមួយបទពិសោធន៍ជាក់ស្ដែងរបស់លោកអ្នកឧកញ៉ា ដែលប្រើប្រាស់កន្លងមក ពេលជួបបញ្ហាក្នុងវិស័យជំនួញ។
សៀវភៅ « គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» បានបរិយាយអត្ថាធិប្បាយពីការបង្កើតឱកាស ភាពស្មោះត្រង់ តម្លៃជីវិត ការបង្កើតទំនាក់ទំនង គឺជារឿងសំខាន់ ហើយសៀវភៅអ្នកប្រាជ្ញបរទេសជាច្រើន ក៏មានសរសេរចំណុចអស់ទាំងនោះ ដូចអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ដែរ។ នេះជាការអ្វីដែលសាស្ដ្រាចារ្យ ភូ សម្បត្តិ បញ្ជាក់។
និយាយដល់តម្លៃសៀវភៅរបស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន សម្រាប់លោកមិនថ្លៃ ហើយក៏មិនថោក តែបើអ្នកជាវយកទៅមិនអាន គឺពិតជាថ្លៃ តែបើបានអានហើយ នឹងយល់ថា ៥០ ដុល្លារក្នុងមួយក្បាលមិនជាច្រើនឡើយ ព្រោះអាចរៀនបានអ្វីល្អៗ ដែលជួយអភិវឌ្ឍជីវិតបានមកវិញកាន់តែច្រើន ហើយជីវិតក៏ប្រសើរឡើងតាមនេះដែរ៕
អត្ថបទ៖ មេរ៉ា រូបភាព៖ ផ្តល់ឲ្យ