រដ្ឋបាលលោក Trump គ្រោងកាត់បន្ថយបុគ្គលិក មានសិទ្ធជួបផ្ទាល់ជាមួយប្រធានាធិបតី

នៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ ដែលលោក Donald Trump ត្រូវធ្វើពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៧ ហើយបច្ចុប្បន្នលោកកំពុងរៀបចំកែប្រែប្រព័ន្ធរដ្ឋបាលរបស់លោកជារឿយៗ។

អនាគតប្រធានបុគ្គលិកថ្មី អ្នកស្រី Susie Wiles បានបង្ហើបប្រាប់សារព័ត៌មាន NBC ថា សម្រាប់រដ្ឋបាលថ្មីដែលដឹកនាំដោយលោក Trump ទំនងនឹងមានការកាត់បន្ថយបុគ្គលិកមួយចំនួន ដែលមានសិទ្ធចូលជួបផ្ទាល់ជាមួយប្រធានាធិបតី។

តាមដានជាមួយយើង៖ Million Times

ប្រភពដដែលបន្ថែមថា ជាកិច្ចខិតខំប្រឹងប្រែងក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់ជាមួយលោក Trump ក្រុមការងារបានព្យាយាមកាត់បន្ថយចំនួនបុគ្គលិកសេតវិមានជាច្រើនរូប មានតំណែងជា “ជំនួយការប្រធានាធិបតី” ដែលកន្លងមកពួកគេមានសិទ្ធក្នុងការនាំភ្ញៀវ ដែលជាពលរដ្ឋធម្មតា ចូលជួបជាមួយប្រធានាធិបតីផ្ទាល់។ ការកាត់បន្ថយបុគ្គលិកនេះ គឺដើម្បីការពារសុវត្ថិភាព និងឯកជនភាពរបស់ប្រធានាធិបតី។

ជំនួសឲ្យតួនាទីជំនួយការប្រធានាធិបតី បុគ្គលិកជាន់ខ្ពស់នៃរដ្ឋបាលលោក Trump ត្រូវរ៉ាប់រងភារកិច្ច ក្នុងការផ្ដល់ព័ត៌មានផ្សេងៗដោយផ្ទាល់ ទៅកាន់អនាគតប្រធានាធិបតីវិញ តាមរយៈនាយករងតាមផ្នែករៀងខ្លួន រួមទាំងជំនួយការដ៏យូរលង់របស់លោក គឺលោក Stephen Miller, Taylor Budowich និង Dan Scavinino។

សូមជម្រាបដែរថា មិនទាន់បានចូលកាន់តំណែងផង លោក Donald Trump និងមនុស្សជំនិត Elon Musk ធ្លាប់បានបង្ហើបថា នឹងមានការកាត់បន្ថយចំនួនបុគ្គលិករដ្ឋាភិបាលជាច្រើន ដែលជាផ្នែកមួយនៃការជួយសន្សំសំចៃការចំណាយរបស់រដ្ឋាភិបាល ដ្បិតពួកគេអះអាងថា នាយកដ្ឋានមួយចំនួន មិនចាំបាច់ត្រូវការកម្លាំងច្រើនដើម្បីធ្វើការងារឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ NBC