កាលពីថ្ងៃទី០៨ ខែមករា អ្នកព្យាករណ៍ជនជាតិអាមេរិក AccuWeather បាននិយាយថា ហេតុការណ៍ភ្លើងឆេះព្រៃនៅទីក្រុង Los Angeles នឹងបង្កការខូចខាតដល់សេដ្ឋកិច្ចអាមេរិក ច្រើនជាង ៥០ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ហេតុការណ៍ភ្លើងឆេះព្រៃនេះ គឺជាព្រឹត្តិការណ៍អាក្រក់បំផុតមួយប្រចាំប្រវត្តិសាស្ត្រអាមេរិក ដោយវាបានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង និងមានមនុស្សយ៉ាងតិចណាស់ ៥នាក់បាត់បង់ជីវិត។
AccuWeather បានព្យាករថា ជាបឋមសេដ្ឋកិច្ចអាមេរិកទំនងខាតចន្លោះពី ៥២ ទៅ ៥៧ពាន់លានដុល្លារ ហើយបើសិនជាមិនអាចពន្លត់ទាន់ពេល និងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត ការខាតបង់នឹងកាន់តែកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្ន ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃមួយនេះ ក៏ប៉ុន្តែភ្លើងនៅតែបន្តរីករាលដាល គួបផ្សំកត្តាខ្យល់ខ្លាំង និងការផ្គត់ផ្គង់ទឹកមានកម្រិត បានធ្វើឲ្យពួកគេពិបាកក្នុងការគ្រប់គ្រងស្ថានការណ៍ជាខ្លាំង៕
អត្ថបទ៖ Luffy រូបភាព៖ France24