ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសក្ដែងៗកាលពីថ្ងៃទី០៦ ខែមករាថា កាណាដា គួរតែក្លាយជារដ្ឋទី៥១ របស់អាមេរិក បើសិនជាពួកគេចង់រួចខ្លួនពីផែនការតំឡើងពន្ធ របស់រដ្ឋបាលដឹកនាំដោយលោក Trump នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន FoxNews។
លោក Trump បានសរសេរសារបង្ហោះលើបណ្ដាញសង្គម Truth Social ថា «បើសិនជាកាណាដា កាត់ទឹកដីបញ្ចូលជាមួយសហរដ្ឋអាមេរិក ពួកគេនឹងរួចផុតពីការបង់ពន្ធនានា ហើយពួកគេនឹងមានសុវត្ថិភាព ពីការគំរាមកំហែងរបស់នាវាដឹកទំនិញរុស្ស៊ី និងចិន ដែលកំពុងឡោមព័ន្ធពួកគេ។ វាគឺជារឿងឈ្នះៗទាំងសងខាង ហើយពួកយើងនឹងក្លាយជាប្រទេសដ៏មានឥទ្ធិពលបំផុតលើលោក»។
ប្រភពជិតស្និទ្ធមួយបានបង្ហើបប្រាប់ FoxNews ថា កាលពីចុងខែវិច្ឆិកា លោក Trump ធ្លាប់បានលើកសំណើមួយនេះ ជជែកផ្ទាល់មាត់ជាមួយនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau អំឡុងពេលអ្នកទាំង២ ជួបគ្នានៅភូមិគ្រឹះ Mar-a-Lago។
ក៏ប៉ុន្តែសំណើរបស់លោក Trump ត្រូវបានបដិសេធភ្លាមៗ ហើយថ្មីៗនេះលោក Trudeau ក៏បានចេញមុខបញ្ជាក់ជាថ្មីថា វាគ្មានថ្ងៃទៅរួចទេ ដែលកាណាដា នឹងក្លាយជារដ្ឋទី៥១ របស់អាមេរិក ដរាបណាលោកនៅដឹកនាំរដ្ឋាភិបាល៕
អត្ថបទ៖ Luffy រូបភាព៖ Daily Commercial News