ចំពោះមុខលោក Trump មហាសេដ្ឋីអារ៉ាប់រួមសន្យាចាយលុយ ២០ពាន់លាន បណ្ដាក់ទុននៅអាមេរិក

កាលពី​ថ្ងៃអង្គារ ទី០៧ ខែមករា មហាសេដ្ឋីអារ៉ាប់រួម Hussain Sajwani បានសន្យាចំពោះមុខប្រធានាធិបតីជាប់ឆ្នោត Donald Trump ថា នឹងចាយលុយ ២០ពាន់លានដុល្លារ ដើម្បីបណ្ដាក់ទុនក្នុងវិស័យបច្ចេកវិទ្យាលើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

ប្រធានក្រុមហ៊ុន DAMAC ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃបានលើកឡើង អំឡុងពេលជួបជាមួយលោក Trump នៅភូមិគ្រឹះ Mar-a-Lago ថា ក្រុមហ៊ុនរបស់លោកមានបំណងវិនិយោគ ២០ពាន់លានដុល្លារ និងអាចច្រើនជាងនេះ នៅក្នុងឧស្សាហកម្មផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណិត បើសិនជាទីផ្សារអាមេរិកបើកដៃអោយ។

សូមជម្រាបដែរថា មិនទាន់បានចូលកាន់តំណែងស្រួលបួលផង លោក Trump បានអូសទាញគម្រោងវិនិយោគរាប់រយពាន់លានដុល្លារ ចូលក្នុងទឹកដីអាមេរិក ពោលកាលពីខែមុន មហាសេដ្ឋីជប៉ុន Masayoshi Son ប្រកាសចាយលុយ ១០០ពាន់លានដុល្លារ ដើម្បីវិនិយោគនៅអាមេរិករយៈពេល ៤ឆ្នាំ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍន៍ AI៕

អត្ថបទ៖ Luffy រូបភាព៖