ប្រេស៊ីលអះអាងថា ឥណ្ឌូណេស៊ីបានក្លាយជាសមាជិកពេញសិទ្ធរបស់ BRICS

កាលពីថ្ងៃទី០៧ ខែមករា រដ្ឋាភិបាលប្រេស៊ីលបាននិយាយច្បាស់ៗថា ប្រទេសឥណ្ឌូណេស៊ី ដែលជាបងធំប្រចាំតំបន់អាស៊ាន បានក្លាយជាសមាជិកផ្លូវការរបស់ក្រុមប្រទេស BRICS ដែលធ្វើឲ្យក្រុមមួយនេះកាន់តែប្រមូលផ្ដុំប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយកម្រិតទៀត។

តាមដានជាមួយយើង៖ Million Times

ប្រេស៊ីល ដែលកាន់តំណែងជាប្រធាន BRICS ក្នុងឆ្នាំ២០២៥ បាននិយាយថា សមាជិកទាំងអស់បានអនុម័ត លើសំណើចូលជាសមាជិកពេញសិទ្ធរបស់ឥណ្ឌូណេស៊ី។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ពួកគេទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ ហើយចំពោះការក្លាយជាសមាជិករបស់ BRICS នេះ គឺជាមធ្យោបាយមួយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយបណ្ដាប្រទេសជឿនលឿនជាច្រើនទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គួររំលឹកបន្តិចថា ឥណ្ឌូណេស៊ីទទួលបានភ្លើងខៀវពីសមាជិក BRICS តាំងពីឆ្នាំ២០២៣ ក៏ប៉ុន្តែបងធំអាស៊ានសំណូមពរថា សុំចូលជាសមាជិកពេញសិទ្ធ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី បញ្ចប់ជាស្ថាពរកាលពីឆ្នាំទៅ ដោយមានលោក Prabowo Subianto ក្លាយជាមេដឹកនាំថ្មី និងឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំ២០២៤៕

អត្ថបទ៖ Luffy រូបភាព៖ The Straits Times