ម្ចាស់ក្លិបបាល់ទាត់អង្គរថៃហ្គ័រ អះអាងថា ត្រូវ​គេ​ធ្វើ​បាបឲ្យបង់ពន្ធផ្សព្វផ្សាយយីហោលើរថយន្តក្រុង

លោក Akihiro kato ដែលជាអ្នកវិនិយោគជប៉ុននៅកម្ពុជាលើវិស័យកីឡា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានអះអាងថា កំពុងត្រូវបានគេធ្វើបាបពាក់ព័ន្ធទៅនឹងការបង់ពន្ធនៅលើការផ្សព្វផ្សាយស្លាក់យីហោលើរថយន្តក្រុង។

លោក Akihiro Kato ម្ចាស់ក្លិបបាល់ទាត់អង្គរថៃហ្គ័រ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានសរសេរលើហ្វេសប៊ុកជាមួយរូបភាពមួយសន្លឹកយ៉ាងដូច្នេះថា «នេះគឺជាឡានក្រុង Tiger ដ៏ត្រជាក់។ ទោះយ៉ាងណាក៏ដោយ ខ្ញុំតម្រូវឲ្យបង់ពន្ធចំនួន ២,៤០០ដុល្លារក្នុងមួយឆ្នាំទៅលើស្លាកយីហោផ្សព្វផ្សាយនៅលើរថយន្តក្រុងនេះ»។

តាមដានជាមួយយើង៖ Million Times

លោក Kato បានឲ្យដឹងថា នៅ​ប្រទេស​ជប៉ុន ពិត​ជា​មិន​មាន​ការ​គិត​ពន្ធ​នៅលើការផ្សព្វផ្សាយ ស្លាក់យីហោលើរថយន្តក្រុង​នោះ​ទេ ប៉ុន្តែ​តើ​នេះ​ជា​រឿង​ធម្មតា​ទេ​នៅ​កម្ពុជា? ឬ​យើង​គ្រាន់​តែ​ត្រូវ​គេ​ធ្វើ​បាប? 

លោកបានសរសេរបន្ថែមថា៖ «យើងបានលះបង់លុយយ៉ាងច្រើនក្នុងរយៈពេល ១០ឆ្នាំកន្លងមក ជំនួសឱ្យការរកប្រាក់ចំណេញ។ នរណាម្នាក់សូមប្រាប់ខ្ញុំ»។

មានវ័យ ៤៤ឆ្នាំលោក Akihiro Kato គឺជាអ្នកជំនួញជនជាតិជប៉ុនទី១ ដែលបានមកបើកក្លិបបាល់ទាត់នៅប្រទេសកម្ពុជា ជាមួយក្តីរំពឹងថានឹងជួយឱ្យក្លិបរបស់ខ្លួនកើនសមត្ថភាពប្រកួតប្រជែងមួយកម្រិតទៀតនៅក្នុងលីគកំពូលកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។

ក្នុងតំណែងជាម្ចាស់ក្លិបអង្គរថាយហ្គឺរ លោក Kato  ធ្លាប់និយាយថា ជាគោលដៅធំបំផុតសម្រាប់អង្គរថាយហ្គឺរ គឺលោកចង់ឱ្យក្រុមមួយនេះមានកម្រិតខ្លាំងមួយក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ FB Akihiro Kato