CPP រៀបចំមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា មានសមាជិកជាង ២ម៉ឺននាក់

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា បានរៀបចំមហាមិទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលប្រារព្ធធ្វើឡើងនៅ​មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ 

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្ស, សម្តេច ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលគណបក្ស CPP ចាត់ថាជាថ្ងៃដ៏វិសេសវិសាល សម្រាប់​ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា៖ «៧មករាមានសត្រូវតែមួយគត់ គឺរបបប្រល័យពូជសាសន៍ ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវ រលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា»។

ឆ្លងកាត់ពេលវេលាជាង៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជននៅក្នុងឱកាសនេះ សម្ដេចបានគូសបញ្ជាក់សង្កត់ធ្ងន់ថែមទៀតជូនជនរួមជាតិថា រដ្ឋប្រហារថ្ងៃ ១៨មីនា ឆ្នាំ ១៩៧០ របស់ពួកលន់ នល់ តាមខ្សែញាក់របស់បរទេស គឺជាឈ្នួននៃ ភ្លើងសង្គ្រាមពេញទំហឹង ដែលបានធ្វើឱ្យសន្តិភាពដែលខ្វះស្ថិរភាពនៅកម្ពុជា ត្រូវបាត់បង់ទាំងស្រុង បង្កនូវ វិនាសកម្មដល់ជាតិដែលពុំអាចគណនាបាន ហើយរុញច្រានឱ្យកម្ពុជាធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍។

សម្ដេចមានប្រសាសន៍ថា ច្បាស់ណាស់ថា បើគ្មានរដ្ឋប្រហារនេះក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍក្នុងសន្តិភាព ប្រជាជននឹងមិនត្រូវពួកឃាតករកាប់សម្លាប់រង្គាលនោះឡើយ។

សម្តេចប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងអះអាងថា៖ «យើងប្តេជ្ញាទប់ស្កាត់នូវរាល់សកម្មភាពដែលនាំទៅរកការដណ្តើមអំណាចដោយរំលោភបំពានរដ្ឋធម្មនុញ្ញ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ខណៈអំពើប្រល័យពូជសាសន៍ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គឺជាតថភាពប្រវត្តិសាស្ត្រមួយ។ រីឯជ័យជម្នះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលបានរំដោះជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ គឺជាតថភាពប្រវត្តិសាស្ត្រមួយទៀត»៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចសម្តេចតេជោ