នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីថ្ងៃចន្ទ ទី០៦ ខែមករាថា លោកនឹងចុះចេញពីតំណែងជាមេបក្សសេរីនិយម និងលាលែងពីតួនាទីជានាយករដ្ឋមន្ត្រីភ្លាមៗ បើសិនជាគណបក្សអាចរកបានអ្នកបន្តវេនពីលោក។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា លោក Trudeau កំពុងមានសម្ពាធខ្លាំងពីសមាជិកសភានៃបក្សសេរីនិយម ដែលទាមទារឲ្យលោកចុះចេញពីតំណែង បន្ទាប់ពីព្យាករថា លោក Trudeau នឹងចាញ់ក្នុងការបោះឆ្នោតអាណត្តិថ្មី។
ប៉ុន្តែនាយករដ្ឋមន្ត្រីកាណាដារូបនេះអះអាងថា លោកនឹងបន្តកាន់អំណាចរហូតដល់មានអ្នកជំនួសតំណែងត្រឹមត្រូវ ពោលមិនចុះចេញ ហើយទុកឲ្យកៅអីនាយករដ្ឋមន្ត្រីទំនេរឡើយ។
សូមជម្រាបថា លោក Justin Trudeau ដែលមានវ័យ ៥៣ឆ្នាំ គឺជានាយករដ្ឋមន្ត្រីកាណាដាម្នាក់ ដែលកាន់អំណាចបានយូរបំផុតក្នុងប្រវត្តិសាស្ត្រ ពោលលោកបានចូលកាន់អំណាចដំបូងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ និងបានយកឈ្នះការបោះឆ្នោតចំនួន ២លើក។
ប៉ុន្តែប្រជាប្រិយភាពរបស់លោកចាប់ផ្ដើមធ្លាក់ចុះជាខ្លាំងរយៈពេល ២ឆ្នាំចុងក្រោយ បន្ទាប់ពីមហាជនមានការខឹងសម្បារ ជុំវិញបញ្ហាតម្លៃទំនិញឡើងថ្លៃខ្លាំង កង្វះខាតផ្ទះសម្បែង និងកត្តាជនអន្តោប្រវេសន៍ ដែលមិនមានដំណោះស្រាយជាក់លាក់៕
អត្ថបទ៖ Luffy រូបភាព៖ CNN