គម្រោងសាងសង់ស្ពានដីឥដ្ឋ -ថ្មគរភ្ជាប់ផ្លូវល្បឿនលឿន សម្រេចបាន ៤,៣៤%

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% គិតត្រឹមដំណាច់ឆ្នាំ២០២៤នេះ។

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

តាមដានជាមួយយើង៖ Million Times

បើតាមក្រសួងសាធារណការ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ត្រូវបានបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានអតីតនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀង។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគម្រោងស្ពាននេះដែរ ត្រូវប្រើរយៈពេលសាងសង់ ចំនួន៤៨ ខែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨)៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងសាធារណការ