អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក ខណៈបច្ចុប្បន្នសំណង់ស្ពានដែកបណ្តោះអាសន្នជំនួសឱ្យការប្រើប្រាស់សាឡង់សម្រាប់ដំណើរការខួងចាក់គ្រឹះកំពុងសាងសង់។
លើបណ្តាញសង្គមផ្ទាល់ខ្លួនលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការបង្ហាញរូបភាពជាច្រើនសន្លឹកពីការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ក្នុងនោះលោកបង្ហោះរូបសំណង់ស្ពានដែកបណ្តោះអាសន្នកំពុងលយចូលទន្លេជំនួសឱ្យការប្រើប្រាស់សាឡង់ ដែលបង្កើតឡើងសម្រាប់ដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ។
លោកបញ្ជាក់ថា មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក។
គួរឲ្យដឹងថា ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់ សេដ្ឋកិច្ច ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
ស្ពានដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន ២កន្លែង គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សាងតេជេៈ រូបភាព៖ ហ្វេសប៊ុកលោក ផន រឹម