នាថ្ងៃទីចន្ទ ទី០៦ ខែមករា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយកូរ៉េខាងត្បូង បានសុំការសហការពីក្រុមប៉ូលិស ដើម្បីចាប់ខ្លួនប្រធានាធិបតី Yoon Suk Yeol មុនពេលដីការចាប់ខ្លួនអស់សុពលភាពត្រឹមថ្ងៃនេះ។
ទីភ្នាក់ងារព័ត៌មាន AP បានចុះផ្សាយថា កិច្ចពិភាក្សារវាងប៉ូលិស និងទីភ្នាក់ងារប្រឆាំងអំពើពុករលួយបានកើតឡើង បន្ទាប់ពីពួកគេបរាជ័យក្នុងការចាប់ខ្លួនលោក Yoon ដល់គេហដ្ឋានកាលពីសប្ដាហ៍មុន។ ភាពបរាជ័យមួយនោះ បានធ្វើឲ្យមហាជនចាប់ផ្ដើមមិនទុកចិត្ត ចំពោះសមត្ថភាពក្នុងការអនុវត្តច្បាប់របស់ទីភ្នាក់ងារ។
ក្រុមអ្នកច្បាប់របស់ Yoon បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រគល់ប្រតិបត្តិដីកាឃុំខ្លួនឱ្យប៉ូលីសគឺខុសច្បាប់ ដោយនិយាយថាវាមិនមានហេតុផលផ្លូវច្បាប់ ក្នុងការផ្ទេរផ្នែកខ្លះនៃដំណើរការស៊ើបអង្កេត ទៅទីភ្នាក់ងារមួយផ្សេងទៀតនោះទេ។ មេធាវីរបស់លោក Yoon បានដាក់ការជំទាស់ទៅនឹងដីកាប្រឆាំងនឹងប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែតុលាការក្រុងសេអ៊ូលខាងលិចបានច្រានចោលការជំទាស់នេះកាលពីថ្ងៃអាទិត្យ។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ទំនងជានឹងស្វែងរកដីកាថ្មីរបស់តុលាការ ដើម្បីពង្រីកវិសាលភាពសម្រាប់ការឃុំខ្លួនលោក Yoon នេះបើយោងតាមប៉ូលីសដែលបាននិយាយថា កំពុងពិនិត្យមើលផ្ទៃក្នុងសំណើរបស់ទីភ្នាក់ងារនេះ។
គួររំលឹកបន្តិចថា បច្ចុប្បន្នលោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងរង់ចាំការសម្រេចពីរដ្ឋសភា ជុំវិញការបន្តតំណែង ឬបោះឆ្នោតទម្លាក់ បន្ទាប់ពីលោកបានចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីមួយ កាលពីថ្ងៃទី០៣ ខែធ្នូ ដែលបក្សប្រឆាំងចោទថា ទង្វើនេះគឺជាការបះបោរ។ ទោះជាឥឡូវនេះលោកមានឈ្មោះជាប្រធានាធិបតី ក៏ប៉ុន្តែអំណាចរបស់លោកត្រូវបានព្យួរបណ្ដោះអាសន្ន ដោយមានលោក Choi Sang-mok ដើរតួជាប្រធានាធិបតីស្ដីទី រហូតដល់មានការសម្រេចជាផ្លូវការជុំវិញជោគវាសនារបស់លោក Yoon៕
អត្ថបទ៖ Luffy រូបភាព៖ NY1