ក្រសួងមហាផ្ទៃវៀតណាមបានព្យាករថា ដើម្បីកែលំអ និងសម្រួលដល់ការអនុវត្តប្រព័ន្ធនយោបាយឲ្យកាន់តែប្រសើរ រដ្ឋាភិបាលចាំបាច់ត្រូវការកញ្ចប់ថវិកា ១៣០ទ្រីលានដុង ឬប្រហែល ៥ពាន់លានដុល្លារ។
ទីភ្នាក់ងារព័ត៌មានវៀតណាម VNExpress បានចុះផ្សាយថា កញ្ចប់ចំណាយនោះមានបំណងប្រើប្រាស់សម្រាប់មន្ត្រីរដ្ឋាភិបាល និងកម្មករ ចំពោះការរ៉ាប់រងលើការទូទាត់សាច់ប្រាក់ ជូនអ្នកដែលចូលនិវត្តន៍មុនកាលកំណត់ អត្ថប្រយោជន៍អត់ការងារធ្វើ និងការបញ្ឈប់ការងារ ជំនួយហិរញ្ញវត្ថុសម្រាប់អ្នកស្វែងរកការងារ និងប្រាក់ខែ និងប្រាក់រង្វាន់។
សំណើពីក្រសួងមហាផ្ទៃបានណែនាំថា កញ្ចប់ចំណាយមួយនោះ គួរតែទទួលបានពីថវិកាជាតិ និងចំណូលរបស់អង្គភាពមិនមែនអាជីវកម្មសាធារណៈ។ ក្រសួងបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងនេះ មានគោលបំណងកាត់បន្ថយការចំណាយ និងកាត់បន្ថយភាពតានតឹងលើថវិកាជាតិ។ សំណើនេះបានកត់សម្គាល់ថាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ វាត្រូវបានគេរំពឹងថានឹងសន្សំបាន ១១៣ទ្រីលានដុង។
គំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលប្រព័ន្ធរដ្ឋបាលរបស់វៀតណាម ជួបបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងសំខាន់ៗ។ បច្ចុប្បន្ននេះ មន្ត្រី និងកម្មកររដ្ឋាភិបាលមានចំនួនជាង ២,៥លាននាក់ ខណៈមនុស្ស ៣,៥លាននាក់បន្ថែមទៀតពឹងផ្អែកលើប្រាក់សោធននិវត្តន៍ និងអត្ថប្រយោជន៍។ ការចំណាយធម្មតាប្រើប្រាស់ ៧០% នៃថវិកាជាតិ នៅសល់តែ ៣០% ប៉ុណ្ណោះសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍៕
អត្ថបទ៖ Luffy រូបភាព៖ Reuters