បន្ទាប់ពីឈរចាំក្រៅរបងអស់រយៈពេល ៦ម៉ោង ក្រុមអ្នកស៊ើបអង្កេត និងមន្ត្រីនៃការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ CIO បានសម្រេចចិត្តពន្យារពេលចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។
សារព័ត៌មាន BBC បានចុះផ្សាយថា ក្រុមស៊ើបអង្កេត និងមន្ត្រី CIO បានចុះទៅដល់មុខផ្ទះលោក Yoon តាំងពីព្រឹកព្រលឹមថ្ងៃសុក្រ ទី០៣ ខែមករា ក៏ប៉ុន្តែត្រូវបានរារាំងដោយក្រុមអង្គរក្ស មិនឲ្យចួលឆែកឆេរក្នុងផ្ទះរបស់មេដឹកនាំរូបនេះ។
មន្ត្រី CIO ម្នាក់បាននិយាយថា ការអនុវត្តដីកាចាប់ខ្លួនលើកនេះមិនអាចទៅសម្រេចបានឡើយ ហើយត្រូវធ្វើឡើងម្ដងទៀតនាពេលក្រោយ។ ក្រុមអ្នកគាំទ្រលោក Yoon ដែលមានវត្តមាននៅទីនោះ បាននាំគ្នាស្រែកហោរថា ពួកគេទទួលបានជ័យជម្នះហើយ។
សូមជម្រាបដែរថា ដីកាចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី០៦ ខែមករា។ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតនៅតែអាចដាក់សំណើ សុំដីកាចាប់ខ្លួនថ្មីម្ដងទៀត ក្រោយដីកាចាស់អស់សុពលភាព៕
អត្ថបទ៖ Luffy រូបភាព៖ Nikkei Asia