កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ប៉ូលិសកូរ៉េខាងត្បូងបានបង្ហើបថា នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air លោក Kim E-bae ត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះក្រុមហ៊ុននេះបានធ្លាក់កាលពីសប្ដាហ៍មុន និងធ្វើឲ្យមនុស្សស្លាប់រហូតដល់ ១៧៩នាក់។
ទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា ប៉ូលីសកូរ៉េខាងត្បូងបានឆ្មក់ចូលការិយាល័យរបស់ Jeju Air និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិ Muan កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពួកគេបង្កើនការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះ Boeing 737-800 ដែលបានសម្លាប់មនុស្ស ១៧៩នាក់។
លោក Kim នឹងស្ថិតនៅក្រោមការតាមដាន និងមិនអាចធ្វើដំណើរក្រៅប្រទេសបានឡើយ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់ ដើម្បីរកខុសរកត្រូវជូនក្រុមគ្រួសារជនរងគ្រោះទាំងអស់។
គួររំលឹកបន្តិចថា យន្តហោះរបស់ក្រុមហ៊ុន Jeju Air ម៉ូដែល Boeing 737-800 បានដឹកអ្នកដំណើរ និងបុគ្គលិកបម្រើការលើយន្តហោះ ចំនួន ១៨១នាក់ ធ្វើដំណើរពីប្រទេសថៃ ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ យន្តហោះនេះបានជួបបញ្ហា មិនអាចចុះចតបានត្រឹមត្រូវ និងបានជ្រុលទៅបុកនឹងរបងប្រលានយន្តហោះ បង្កជាការផ្ទុះដ៏ខ្លាំង។
មានតែបុគ្គលិកបម្រើការលើយន្តហោះតែ ២រូបប៉ុណ្ណោះ ដែលនៅមានជីវិត។ ចំពោះមូលហេតុដែលបង្កជាសោកនាដកម្មមួយនេះ ក្រុមប៉ូលិសកំពុងបើកការស៊ើបអង្កេត ក៏ប៉ុន្តែពួកគេសង្ស័យថា យន្តហោះអាចបុកជាមួយហ្វូងបក្សី ដែលធ្វើឲ្យម៉ាស៊ីន និងស្លាបយន្តហោះមានបញ្ហាបច្ចេកទេស មិនអាចចុះចតតាមសម្រួលបាន៕
អត្ថបទ៖ Luffy រូបភាព៖ Social News XYZ