ដើមឆ្នាំថ្មី ថៃសម្រេចបានសមិទ្ធផលធំក្លាយជាដៃគូផ្លូវការជាមួយ BRICS

ក្រសួងការបរទេសថៃបានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ប្រទេសថៃនឹងក្លាយជាដៃគូផ្លូវការ ជាមួយក្រុមប្រទេស BRICS ដែលកំពុងជាទីចាប់អារម្មណ៍របស់បណ្ដាប្រទេសសមាជិកអាស៊ានជាច្រើន។

តាមដានជាមួយយើង៖ Million Times

តាមរយៈការចុះផ្សាយពីកាសែតថៃ The Nation បានឲ្យដឹងថា ភាពជាដៃគូរវាងថៃ និង BRICS រំពឹងជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការរវាងភាគីទាំងសងខាង ក៏ដូចជាបង្កើនឱកាសការងាររឹតតែច្រើនថែមទៀត។ ជាពិសេសគឺទាញយកផលប្រយោជន៍ និងការវិនិយោគនៅក្នុងវិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍។

ក្រសួងការបរទេសថៃក៏បានបន្ថែមទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូផ្លូវការនេះ នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសថៃ និងសមាជិក BRICS ឲ្យកាន់តែរឹងមាំមួយកម្រិតថែមទៀត។

ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយ BRICS លើក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាអាស៊ាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ការសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី (ACD) និងគំនិតផ្តួចផ្តើម Bay of Bengal កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC)។

សូមជម្រាបដែរថា ថៃគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលត្រូវបាន BRICS ចុះហត្ថលេខាចាត់ទុកជាដៃគូផ្លូវការថ្មីៗ ដែលរួមមាន អាល់ហ្សេរី បេឡារុស្ស បូលីវី គុយបា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន ម៉ាឡេស៊ី នីហ្សេរីយ៉ា តួកគី អ៊ូហ្គង់ដា អ៊ូសបេគីស្ថាន និងវៀតណាម៕

អត្ថបទ៖ Luffy រូបភាព៖ TRCC