ជំរឿនប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៤ បានបង្ហាញថា មានប្រជាជនចំនួន ៥១,៣លាននាក់ តិចជាងកាលពី១០ឆ្នាំមុនបន្តិច ខណៈរបបយោធាកំពុងកាន់អំណាច សន្យានឹងរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


មេដឹកនាំរបបយោធា Min Aung Hlaing បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋថា «ខ្ញុំកំពុងខិតខំរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ប្រកបដោយជោគជ័យ ដែលជាគោលដៅចុងក្រោយរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ»។
របបយោធាកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ាបានសន្យាថា នឹងរៀបចំការបោះឆ្នោតដោយយុត្តិធម៌នៅក្នុងឆ្នាំ២០២៥ ឆ្លើយតបតាមការទាមទារពីបក្សប្រឆាំង បន្ទាប់ពីកងយោធាបានផ្ដួលរលំរដ្ឋាភិបាលកាលដើមឆ្នាំ២០២១ និងគ្រប់គ្រងប្រទេសតាំងពីពេលនោះមក។ ដ្បិតបានសន្យាថានឹងមានរៀបចំការបោះឆ្នោតជាសកល ក៏ប៉ុន្តែលោក Min Aung Hlaing មិនបង្ហើបឲ្យដឹងច្បាស់ពីកាលបរិច្ឆេទនោះឡើយ។
គួររំលឹកបន្តិចថា ជំរឿនប្រជាជនមីយ៉ាន់ម៉ាក្នុងឆ្នាំ២០២៤ មាន៥១,៣លាននាក់ ដោយក្នុងនោះបានជំរឿនផ្ទាល់ ៣២,២លាននាក់ និង ១៩,១លាននាក់ទៀត ត្រូវបានប៉ាន់ប្រមាណ ដ្បិតពួកគេស្ថិតនៅក្នុងតំបន់ដែលមិនអាចចូលទៅបាន ដោយសារបញ្ហាសន្តិសុខ និងពិបាកធ្វើដំណើរ៕
អត្ថបទ៖ Luffy រូបភាព៖ NationThailand