លោក ហ៊ុន ម៉ានី សង្ឃឹមថា ចាប់ពីពេលនេះតទៅ ពាក្យ «សាទរកម្ពុជា» នឹងស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នាក្នុងនាមជាខ្មែរ

ព្រឹត្តិការណ៍«សាទរកម្ពុជា» ឆ្នាំដំបូងបានប្រារព្ធឡើងយ៉ាងអធិកអធមដោយមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករទស្សនការដង្ហែក្បួនចម្រុះវប្បធម៌ ប្រពៃណី សិល្បៈ និងទស្សនីយភាពជាច្រើន ស្ថិតនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

សម្រាប់ទស្សនីយភាពនៃការដង្ហែក្បួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានការសម្តែងទស្សនីយ ភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ការតុប តែងសម្លៀកបំពាក់ និងគ្រឿងរចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួន ដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិតជាដើម។

តាមដានជាមួយយើង៖ Million Times

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» មានប្រសាសន៍ថា៖ «សាទរកម្ពុជា» រៀបចំឡើងដើម្បីផ្សារភ្ជាប់ប្រជាជន មនោសញ្ចេតនារបស់ប្រជាជនទៅនឹងសង្គមជាតិយើងទាំងមូល។ បង្កើតជាវេទិកា ជាឱកាសសម្រាប់គ្រប់កោសិកាទាំងអស់ចូលរួមបង្ហាញអត្តសញ្ញាណរបស់ខ្លួន ដោយមោទនៈក្រោមស្មារតីសាមគ្គីភាពនិងមោទនភាពក្នុងនាមជាជាតិខ្មែរតែមួយ។

ថ្លែងនៅចំពោះមុខមហាជនរាប់ម៉ឺនលោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ «ក្តីស្រឡាញ់សម្រាប់កម្ពុជាមិនអាចសាបសូន្យ, ក្តីស្រឡាញ់សម្រាប់កម្ពុជាត្រូវរួមគ្នាថែរក្សា កសាង រំលឹកឲ្យបានញឹកញ៉ាប់ បង្ហាញឲ្យច្រើន និយាយឲ្យលឺឲ្យដូនតាយើងបានស្តាប់ ឲ្យមិត្តបរទេសយល់ស៊ីជម្រៅនូវក្តីស្រលាញ់ និងមោទនភាពរបស់ខ្មែរ សម្រាប់អ្វីដែលខ្មែរមាន, សម្រាប់បូរណភាពទឹកដី, សម្រាប់អធិបតេយ្យភាពសម្រាប់យើងទាំងអស់គ្នា, ហើយតាមរយៈការបង្ហាញរបស់យើងម្នាក់ៗ យើងឲ្យកម្ពុជាជាទីស្រឡាញ់នៃយើងទទួលភាពកក់ក្តៅពីយើងទាំងអស់គ្នា»។

លោកថ្លែងថា« សង្ឃឹមថា ចាប់ពីពេលនេះតទៅ ពាក្យ «សាទរកម្ពុជា» នឹងស្ថិតនៅក្នុងបេះដូងយើងទាំងអស់គ្នាក្នុងនាមជាខ្មែរ»។ យ៉ាងណាលោកថា ព្រឹត្តិការណ៍អបអរសាទរកម្ពុជាបានរៀបចំក្នុងឆ្នាំទី១ ប្រាកដណាស់មិនអាចរៀបចំទៅល្អឥតខ្ចោះនោះទេ។ ក្នុងនាមគណៈដឹកនាំកម្មវិធីលោកបានសម្តែងនូវការខន្តីអភ័យទោសលើចំណុចណាមួយដែលធ្វើឲ្យប៉ះពាល់។ លោកថ្លែងគូសបញ្ជាក់ថា សម្រាប់ឆ្នាំនេះយើងខិតខំប្រឹងប្រែងសម្រេចបានអ្វីដែលជោគជ័យ។

នៅព្រឹកថ្ងៃទី១ មករា ឆ្នាំ២០២៥នេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីផ្ញើសារថ្លែងអំណរគុណដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស័្មគ្រចិត្ត សាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមការងារអនាម័យ និងក្រុមការងារទាំងអស់ ដែលបានចូលរួមសហការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា“ ទៅបានរលូន និងសុខសុវត្ថិភាព ជូនដល់បងប្អូន អ៊ំ ពូ មីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមលេងកម្សាន្ត និងសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ជាទីបំផុត៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចធិបតី