ការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ រយៈពេល ២ថ្ងៃបានបិទបញ្ចប់នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូនេះ ក្រោមវត្តមានសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានការចូលរួមពីឥស្សរជនកំពូលៗ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូប។
ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ រៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងការចូលរួមអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយដើម្បីជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម។
ទន្ទឹមជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏ជាការចូលរួមចំណែកបំផុសនូវយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាពលរដ្ឋម្នាក់ចេះលេងកីឡាមួយប្រភេទ និងចូលរួមបំផុសលើកកម្ពស់បំផុសវិស័យកីឡាវាយកូនគោលនៅកម្ពុជាឱកាន់តែរីកចម្រើនផងដែរ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោលនេះ នឹងធ្វើការប្រកួតរយៈពេល២ថ្ងៃ ដោយថ្ងៃទីមួយ ថ្ងៃទី២៧ គឺជាការប្រកួតឯកក្តជនសម្រាប់កីឡាករ កីឡាការិនីមិនមែនអាជីព។
សម្រាប់កីឡាករដែលជាប់ចំណាត់ពីលេខ១ ដល់លេខ៨ នៅក្នុងថ្ងៃទី២៧ខែធ្នូ បានទៅប្រកួតបន្តនៅថ្ងៃទី២៨ ដែលជាថ្ងៃការប្រកួតជាក្រុមរបស់ថ្នាក់ដឹកនាំ ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន និងពិធីប្រគល់ពានរង្វាន់ជូនដល់ជ័យលាភីទាំងអស់ផងដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ