មហាសេដ្ឋីសិង្ហបុរីដែលមានដើមកំណើតបង់ក្លាដែស Saiful Alam Masud កំពុងត្រូវបានស៊ើបអង្កេតពីអាជ្ញាធរបង់ក្លាដែស ជុំវិញបទល្មើសហិរញ្ញវត្ថុ រួមទាំងការលាងលុយផងដែរ។
សារព័ត៌មាន The Straits Times បានចុះផ្សាយថា ធនាគារកណ្ដាលបង់ក្លេដែស នាយកដ្ឋានស៊ើបអង្កេតបទឧក្រិដ្ឋ និងអាជ្ញាធរប្រឆាំងអំពើពុករលួយ និងសន្តិសុខ កំពុងសហការគ្នា បើកការស៊ើបអង្កេតទ្រង់ទ្រាយធំចំពោះមហាសេដ្ឋីវ័យ ៦៤ឆ្នាំរូបនេះ។
អាជ្ញាធរបង់ក្លាដែសអះអាងថា លោក Alam បានបង្កើតក្រុមហ៊ុនមួយនៅសិង្ហបុរី ដើម្បីលាងលុយ និងលាក់បាំងទ្រព្យសម្បត្តិខុសច្បាប់របស់ខ្លួន ខណៈមហាសេដ្ឋីរូបនេះច្រានចោលការចោទប្រកាន់ ហើយមេធាវីរបស់លោកបានហៅការស៊ើបអង្កេតនេះថា ជាយុទ្ធនាការលាបពណ៌លើកូនក្ដីខ្លួន។
ដំណឹងនៃការស៊ើបអង្កេតនេះ បានធ្វើឲ្យក្រុមហ៊ុន S. Alam Group របស់កំពូលអ្នកមាននៅសិង្ហបុរី ផ្អាកដំណើរការសឹងទាំងស្រុង និងបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនផងដែរ។ មេធាវីរបស់លោក Alam បានសង្កត់ធ្ងន់ថា បុគ្គលិកប្រហែល ២០០ ០០០នាក់ នឹងត្រូវបាត់បង់ការងារ ដោយសារក្រុមហ៊ុនផ្អាកប្រតិបត្តិការ៕
អត្ថបទ៖ Luffy រូបភាព៖ SCMP